នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»៖ ការពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាសធុនមីក្រូ, តូច និងមធ្យម ពិតមានសារៈសំខាន់ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែង
29-04-2026 11:55
(ភ្នំពេញ)៖ អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃការវិវត្តថ្មីៗ និងពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់របស់សកលលោក រាប់ចាប់តាំងពី ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, បញ្ហាជម្លោះព្រំដែន, បញ្ហាពន្ធបដិការ និងសង្គ្រាមនៅមជ្ឈិមបូព៌ាចុងក្រោយនេះ បានបង្កឱ្យមានភាពមិនប្រាកដប្រជាខ្ពស់ ដូចនេះ ការពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ជាពិសេសក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែង ក្នុងស្ថានភាពដ៏លំបាកនេះ។
អ្នកស្រីបណ្ឌិត វង្ស រីលីដា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ «យុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាស ក្នុងវិស័យទេសចរណ៍នៅកម្ពុជា» ដោយមានការចូលរួមពីលោក Vijay Kumar Akasam ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោក សរ សារីន អនុប្រធានជាន់ខ្ពស់នៃសមាគមទេសចរណ៍កម្ពុជា, លោក Jason Lusk នាយកប្រតិបត្តិក្រុមហ៊ុន Clickable Impact រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
អ្នកស្រីបណ្ឌិត វង្ស រីលីដា បានបញ្ជាក់ដូចនេះថា «ស្ថិតក្នុងបរិការណ៍នៃការវិវត្តថ្មីៗ និងពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់របស់ សកលលោក, រាប់ចាប់តាំងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, បញ្ហាជម្លោះព្រំដែន, បញ្ហាពន្ធបដិការ និង សង្គ្រាមនៅមជ្ឈិមបូព៌ាចុងក្រោយនេះ បានបង្កឱ្យមានភាពមិនប្រាកដប្រជាខ្ពស់ ពិសេសនាំឱ្យមានការប្រែប្រួលនៃតម្លៃថាមពលជាសកល។ បញ្ហាទាំងនេះបានជះ ឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ហើយបង្កឱ្យមានភាពរាំងស្ទះដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ផ្អែកលើបញ្ហាប្រឈមដែលកំពុងជួបប្រទះ, ការអនុវត្តគម្រោងស្តីពី «ការគាំទ្រការចាប់យកបច្ចេកវិទ្យាឌីជីថល និង លើកកម្ពស់នវានុវត្តន៍សម្រាប់ MSMEs» ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ជាពិសេសក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែង ក្នុងស្ថានភាពដ៏លំបាកនេះ»។
ក្នុងការសិក្សាស្រាវជ្រាវ ស្ថានភាពបច្ចុប្បន្ន និងតួនាទីនៃការចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងចំណោម MSMEs ក្នុងវិស័យទេសចរណ៍នៅកម្ពុជ របស់ អង្គការមូលនិធិអាស៊ី សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៣ បានបង្ហាញថា ក្នុងចំណោម MSMEs ក្នុងវិស័យទេសចរណ៍ ដែលបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, មានសហគ្រាសប្រមាណ ២៩% បានបង្ហាញពីការកើនឡើងនូវប្រាក់ចំណេញ, ២៩% ផ្សេងទៀត បង្ហាញពីប្រសិទ្ធភាពការងារប្រសើរជាងមុន និង ៤០%ទៀត បានលើកឡើងអំពីភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ក្រោយពេលប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។
លើសពីនេះ, បើមើលពីស្ថានភាពបច្ចុប្បន្ន ខណៈពេលកំពុងមានការកើនឡើងនៅតម្លៃប្រេងឥន្ធនៈ យើងអាចសង្កេតឃើញថា អាជីវកម្មដែលកំពុងមានប្រតិបត្តិលើប្រព័ន្ធអនឡាញមានប្រៀបលើ និងមានភាពប្រកួតប្រជែងខ្ពស់ជាងអាជីវកម្មដែលពឹងផ្អែកទាំងស្រុងលើប្រតិបត្តិការតាមបែបប្រពៃណី (Offline)។ ការណ៍នេះក៏ដោយសារបច្ចេកវិទ្យាឌីជីថល បានផ្តល់លទ្ធភាពឱ្យសហគ្រាសទាំងនោះ អាចកាត់បន្ថយចំណាយលើប្រតិបត្តិការ អាជីវកម្ម, ជម្នះបាននូវរបាំងភូមិសាស្ត្រ, ព្រមទាំងរក្សាបាននូវទំនាក់ទំនងយ៉ាងរលូនជាមួយ អតិថិជនគោលដៅ។
អ្នកស្រីបណ្ឌិត វង្ស រីលីដា បានបញ្ជាក់ទៀតថា ផ្អែកលើមូលដ្ឋានខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយគាំទ្រ និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការនៃការគាំទ្របន្ថែមដល់សហគ្រាស។ ស្របតាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០, រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ឆ្នាំ២០២១-២០៣៥ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាព សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថល។
បន្ថែមលើនេះ, ដើម្បីបង្កើនប្រសិទ្ធភាពដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយខាងលើ រាជរដ្ឋាភិបាលក៏ បានបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមសម្រាប់គាំទ្រនានា រួមមាន៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ», «ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលកំពុងអនុវត្តដោយគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, មូលនិធិអភិវឌ្ឍន៍ជំនាញ និងកម្មវិធីពាក់ព័ន្ធផ្សេងទៀត ក្នុងគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់សហគ្រាសឱ្យកាន់តែមានភាពរឹងមាំ និង អំណោយផលដល់ការធ្វើអាជីវកម្មនៅទូទាំងប្រទេសកម្ពុជាផងដែរ៕



















