មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

29-04-2026 12:52

(សៀមរាប)៖ លោក វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំ និងចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តសៀមរាប អមដោយលោកប្រធានអង្គភាពច្រកចេញចូលតែមួយ និងសហការី លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប នាយខណ្ឌរដ្ឋបាលជលផល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រធានការិយាល័យ នីតិកម្មកសិកម្ម មន្ត្រីជួរក្រោយប្រចាំការនៅអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជំនាញពាក់ព័ន្ធ លើការងារគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប។

បន្ទាប់ពីនេះ លោកអនុរដ្ឋលេខាធិការ ក៏បានអញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យនៅទីតាំងសត្តឃាតដ្ឋានចំនួន២កន្លែង និងកសិដ្ឋានវារីវប្បកម្មចំនួន២កន្លែងបន្ថែមទៀត នៅក្នុងខេត្តសៀមរាបផងដែរ៕