ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវគ្រប់គ្រង និងទប់ស្កាត់បទល្មើស Scam Online និងត្រួតពិនិត្យការធ្វើអាជីវកម្ម និងការស្នាក់នៅរបស់ជនបរទេសឲ្យជាប់ជាប្រចាំ
29-04-2026 14:51
(កំពង់ធំ)៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង លោក សាយ គឹមឡម បានបញ្ជាកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវគ្រប់គ្រង ទប់ស្កាត់បទល្មើសស្គេមអនឡាញ និងជនបរទេសដែលស្នាក់នៅ និងប្រកបអាជីវកម្មខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកស្ទោងឱ្យខានតែបាន។
លោក សាយ គឹមឡម បានដាក់បញ្ជាដូច្នេះ ក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមេសា កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលស្រុកស្ទោង។
លោកបានសង្កត់ធ្ងន់ថា «ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ ក្មេងទំនើង ជាពិសេស គឺការគ្រប់គ្រងនិងប្រើប្រាស់ បែបអាណាធិបតេយ្យ ឬពុំមានច្បាប់អនុញ្ញាតប្រើប្រាស់ពីអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ពីសំណាក់ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងមូលដ្ឋានរបស់យើង»។
លោកបន្ថែមថា «គ្រឿងញៀន គឺជាបញ្ហាក្តៅគគុក និងស្រួចស្រាវមួយដែលតែងតែប្រើប្រាស់ដោយក្មេងទំនើង និងឈានទៅប្រើប្រាស់អំពើអាណាធិបតេយ្យ អំពើអាណាចារ និងបង្កអសន្តិសុខ សព្វបែបយ៉ាងដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត»។
ជាមួយគ្នានេះ លោកបានដាក់បញ្ជាថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធជំនាញបរិស្ថាន ជលផល ធនធានធម្មជាតិ ព្រៃឈើ មច្ឆជាតិ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យខាងតែបាន សំដៅធានាបាននៅធនធានធម្មជាតិបានគង់វង្សជាកេរ្តិ៍ដំណែល រួមសម្រាប់កូនចៅជំនាន់ក្រោយ។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារ ជាពិសេសការផ្ដល់សេវាការ និងធ្វើរបាយការណ៍ប្រចាំថ្ងៃ ការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានសាធារណៈតាមដងផ្លូវ ជាពិសេសត្រូវគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិសាធារណរដ្ឋដូចជាសូឡាដែលបានបំពាក់ជូននៅតាមដងផ្លូវឱ្យបានល្អប្រសើរថែមទៀត៕



















