វេជ្ជបណ្ឌិត គួង ឡូ៖ ដើម្បីកាត់បន្ថយអត្រាស្លាប់នៅជុំវិញកំណើត គឺត្រូវពង្រឹង និងជំរុញស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសេវាថែទាំសុខភាពមុនសម្រាល និងថែទាំក្រោយសម្រាល
29-04-2026 15:00
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ដើម្បីកាត់បន្ថយអត្រាស្លាប់នៅជុំវិញកំណើត គឺត្រូវការពង្រឹងនិងជំរុញស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសេវាថែទាំសុខភាពមុនសម្រាល និងថែទាំក្រោយសម្រាល ពិសេសជំរុញការសម្រាលកូននៅមូលដ្ឋានសុខាភិបាលដែលមានសុវត្ថិភាព និងគុណភាព។
ការថ្លែងលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអនុញ្ញាតឲ្យតំណាងអង្គការ ការីតាសកម្ពុជា (Caritas Cambodia) ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ ចូលជួបពិភាក្សាការងារ ស្ដីពីការរៀបចំគម្រោងថ្មីផ្នែកសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ សម្រាប់អនុវត្តរយៈពេល ៣ឆ្នាំ (២០២៦–២០២៨) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា៖ ដើម្បីកាត់បន្ថយអត្រាស្លាប់នៅជុំវិញកំណើត (Perinatal Death) គឺត្រូវការពង្រឹង និងជំរុញស្រ្តីមានផ្ទៃពោះ ឲ្យមកទទួលសេវាថែទាំសុខភាពមុនសម្រាល (ANC) ថែទាំក្រោយសម្រាល (PNC) និងជំរុញការសម្រាលកូននៅមូលដ្ឋានសុខាភិបាលដែលមានសុវត្ថិភាព និងមានគុណភាព។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានផ្តល់យោបល់សំខាន់ៗ (Inputs) ដល់អង្គការ ដើម្បីពិចារណាបញ្ចូលក្នុងគម្រោងថ្មី រួមមាន៖
*ពង្រឹងសមត្ថភាពមន្រ្តីឆ្មប និងបុគ្គលិកសុខាភិបាលពាក់ព័ន្ធ
*ពង្រឹងការគ្រប់គ្រងសម្ភារៈ និងបរិក្ខាពេទ្យផ្នែកសម្ភព នៅគ្រប់កម្រិតសេវា
*លើកកម្ពស់ប្រព័ន្ធតាមដាន និងវាយតម្លៃសេវាសុខភាពមាតា និងទារក
*ជំរុញការចូលរួមរបស់សហគមន៍ តាមរយៈកិច្ចប្រជុំក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងគណៈកម្មការមណ្ឌលសុខភាព (HCMC)
*ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ពិសេសពីសហគមន៍ទៅមូលដ្ឋានសុខាភិបាល
*រៀបចំ និងអនុវត្តនិតិវិធីស្ដង់ដារ (SOP) សម្រាប់សេវា ANC និង PNC នៅគ្រប់មូលដ្ឋានសុខាភិបាល
*ពង្រឹងការអប់រំសុខភាពដល់ប្រជាពលរដ្ឋ
*ជំរុញការស្រាវជ្រាវ និងការគ្រប់គ្រងកុមារកង្វះអាហារូបត្ថម្ភ ព្រមទាំងលើកទឹកចិត្តឲ្យគ្រួសារ នាំកុមារទៅតាមដាន និងព្យាបាលតាមការណាត់ជួបរបស់គ្រូពេទ្យ
បន្ថែមពីនេះលោកវេជ្ជបណ្ឌិត គួង ឡូ បានស្នើឱ្យក្រុមការងារជំនាញនៃមន្ទីរសុខាភិបាល បន្តពិភាក្សាជាមួយក្រុមការងាររបស់អង្គការ ការីតាសកម្ពុជា ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពឲ្យបានច្បាស់លាស់ សម្រាប់អនុវត្តគម្រោងឲ្យមានប្រសិទ្ធភាពខ្ពស់៕
















