អ្នកជំនាញច្បាប់អន្តរជាតិនិងការទូត៖ សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការរំខានចំពោះរដ្ឋតូចៗ

29-04-2026 20:04

(ភ្នំពេញ)៖ លោក ធន ឆាយពិសិដ្ឋ ប្រធានស្ដីទី នាយកដ្ឋានច្បាប់អន្តរជាតិនិងការទូត នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបង្ហាញនូវអត្ថបទស្រាវជ្រាវថ្មីមួយ និយាយអំពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការរំខានចំពោះរដ្ឋតូចៗ» មកកាន់បណ្ដាញព័ត៌មាន Fresh News ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

នៅខណៈពេលដែលប្រទេសតូចៗកំពុងប្រឈមមុខនឹងពិភពលោកដ៏គ្រោះថ្នាក់។ ពីមុនរដ្ឋតូចៗពឹងផ្អែកលើច្បាប់ និងអង្គការសកល ដូចជា អង្គការសហប្រជាជាតិ ដើម្បីរក្សាសុវត្ថិភាពនិងជួយសេដ្ឋកិច្ចរបស់ពួកគេឱ្យរីកចម្រើន។ ប៉ុន្តែសព្វថ្ងៃនេះ ច្បាប់ទាំងនោះកំពុងត្រូវបានបំផ្លាញ។

ប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងចិន កំពុងស្ថិតក្នុងស្ថានភាពប្រកួតប្រជែង ទន្ទឹមនោះជម្លោះយោធាកំពុងរាលដាលនៅតំបន់នានាស្ទើរទូទាំងពិពភលោក ការធ្លាក់ចុះនៃពុហភាគី និយម ការវិលត្រលប់មកវិញនៃឯកតោភាគីនិយម ច្បាប់ត្រីធំស៊ីត្រីតូចដែលកំពុងរាលដាល ជាដើម។ អត្ថបទនេះនឹងព្យាយាមពិនិត្យមើលពីរបៀបដែលការផ្លាស់ប្តូរទាំងនេះធ្វើឱ្យរដ្ឋតូចៗរងគ្រោះ។ ពួកគេកំពុងរងអតិផរណាយ៉ាងខ្លាំងក្លា ភាពខូចខាតនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្ពាធឱ្យ «ជ្រើសខាង» ក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗ។ យើងឃើញថា រដ្ឋតូចៗមានសេដ្ឋកិច្ចតូចនិងកងទ័ពតូច ពួកគេគ្មាន «សំណាញ់សុវត្ថិភាព»ទេ ខណៈដែលពិភពលោកមានភាពរញ៉េរញ៉ៃបែបនេះ។ ដូច្នេះដើម្បីរស់រានមានជីវិត រដ្ឋតូចៗត្រូវតែស្វែងរកវិធីថ្មីៗដើម្បីរក្សាអព្យាក្រឹតភាពនិងធ្វើការជាមួយគ្នាជាក្រុមតូចៗ។

ប្រព័ន្ធសកលលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប៉ុន្មានឆ្នាំដែលមានស្ថិរភាពបន្ទាប់ពីសង្គ្រាមត្រជាក់ ដែលកត់សម្គាល់ដោយស្ថិរភាព ការត្រួតត្រាដោយសហរដ្ឋអាម៉េរិក ការរីករាលដាលនៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការនៃស្ថាប័ន កំពុងត្រូវបានជំនួសដោយការបែកបាក់ ការប្រកួតប្រជែង និងភាពមិនប្រាកដប្រជា។ ឥឡូវនេះ យើងមើលឃើញ «សណ្ដាប់ធ្នាប់ពិភពលោកថ្មី» មួយ ដែលត្រូវបានកំណត់ដោយការប្រកួតប្រជែង បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរនៅក្នុងវិស័យសេដ្ឋកិច្ច។ បរិបទដែលកំពុងវិវត្តនេះ ជារឿយៗត្រូវបានគេពណ៌នាថាជា «សណ្ដាប់ធ្នាប់ពិភពលោកថ្មី» ដែលត្រូវបានបង្កើតឡើងដោយការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ ការរំខានខាងបច្ចេកវិទ្យា ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងបញ្ហាប្រឈមឆ្លងដែន ដូចជា ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម។ ទោះបីជាការផ្លាស់ប្តូរទាំងនេះប៉ះពាល់ដល់ប្រទេសទាំងអស់ក៏ដោយ ប៉ុន្តែផលវិបាករបស់វាមានសារៈសំខាន់ជាពិសេសសម្រាប់រដ្ឋតូចៗ។

រដ្ឋតូចៗ ដែលជាធម្មតាត្រូវបានកំណត់លក្ខណៈដោយចំនួនប្រជាជនតិច ទឹកដីតូច និងសមត្ថភាពសេដ្ឋកិច្ចឬយោធាមានកម្រិត ប្រឈមនឹងភាពងាយរងគ្រោះជាពិសេសនៅក្នុងគ្រានៃការរំខានជាសកល។ ប៉ុន្តែទន្ទឹមនឹងនេះដែរ បណ្ដាប្រទេសតូចៗមួយចំនួនក៏មានគុណសម្បត្តិដោយចំពោះផងដែរ រួមមាន ភាពរហ័សរហួន ទីតាំងយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការប្រើប្រាស់ការទូតប្រកបដោយភាពច្នៃប្រតិដ្ឋ។ អត្ថបទនេះស្វែងយល់អំពីរបៀបដែលសណ្ដាប់ធ្នាប់សកលដែលកំពុងលេចឡើង កំពុងផ្លាស់ប្តូររូបរាងបរិយាកាសយុទ្ធសាស្ត្រសម្រាប់រដ្ឋតូចៗ ដោយពិនិត្យមើលទាំងហានិភ័យនិងឱកាស ព្រមទាំងដាក់ចេញនូវមាគ៌ាសក្តានុពលសម្រាប់ភាពធន់និងឥទ្ធិពល។

* សណ្ដាប់ធ្នាប់ពិភពលោកថ្មីនិងរដ្ឋតូចៗ
គោលគំនិតសម័យទំនើបនៃ «សណ្ដាប់ធ្នាប់ពិភពលោកថ្មី» ត្រូវបានកំណត់ដោយការរំខានដែលកើតឡើងដំណាលគ្នាជាច្រើន ដែលបានប្រែក្លាយទិដ្ឋភាពសកលលោកឱ្យទៅជាបរិយាកាសមួយដែលផ្លាស់ប្ដូរនិងមិនអាចទាយទុកជាមុនបាន។ ជាស្នូល ប្រព័ន្ធអន្តរជាតិកំពុងផ្លាស់ប្តូរឆ្ពោះទៅរកពហុប៉ូល និងការបង្កើនការប្រកួតប្រជែងរវាងមហាអំណាច ខណៈដែលយុគសម័យឯកប៉ូលបានរសាត់បាត់ទៅ ហើយមជ្ឈមណ្ឌលអំណាចជាច្រើនកំពុងដណ្តើមឥទ្ធិពលគ្នា។ ដូចដែលបានលើកឡើងនៅក្នុងអត្ថបទ «ការងើបឡើងនៃពហុប៉ូល៖ ផលវិបាកសម្រាប់អភិបាលកិច្ចសកល និងសន្តិសុខអន្តរជាតិ» លោកស្រី Muneeba ធ្វើទឡ្ហីកម្ម ថា ប្រព័ន្ធអន្តរជាតិបានដើរហួសពីភាពជាឯកប៉ូល ទៅកាន់ប្រព័ន្ធ «បែកបាក់» ដែលអំណាចត្រូវបានបែងចែកក្នុងចំណោមរដ្ឋ និងតួអង្គមិនមែនរដ្ឋជាច្រើន ដែលធ្វើឱ្យការសម្រេចបាននូវការឯកភាពគ្នាមានភាពពិបាកជាងមុន។ ចំណែកឯនៅក្នុងអត្ថបទរបស់ Credendo (២០២៤)៖ «ពិភពលោក៖ សណ្ដាប់ធ្នាប់ពហុប៉ូលថ្មីដែលកំពុងលេចរូបរាងឡើង» បានគូសបញ្ជាក់អំពីរបៀបដែលជម្លោះបង្កក (Frozen conflicts) កំពុងលេចឡើងជាថ្មី ដោយសារតែសហរដ្ឋអាម៉េរិកលែងដើរតួជា «ប៉ូលីសពិភពលោក» ទៀតហើយ ដែលនេះបានបង្កើតបរិយាកាសមួយដែលការប្រើប្រាស់កម្លាំងបាយ ជារឿយៗចូលមកជំនួសច្បាប់ការទូត។

យោងតាមអង្គការ OECD (២០២៥)៖ របាយការណ៍ «ទស្សនវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៥» ដែលបានពិភាក្សាអំពី «សន្តិសុខូបនីយកម្ម» (Securitization) នៃបច្ចេកវិទ្យា បានពន្យល់ពីរបៀបដែលរដ្ឋាភិបាលនានានាពេលបច្ចុប្បន្ន កំពុងផ្តល់អាទិភាពដល់បច្ចេកវិទ្យាដែល«ប្រើប្រាស់បានពីរយ៉ាង» (Dual-use technologies) ដូចជា បញ្ញាសិប្បនិម្មិត (AI) និង កុំព្យូទ័រឃ្វនទុម (Quantum Computing) ជាបញ្ហាសន្តិសុខជាតិតែម្ដង មិនមែនគ្រាន់តែជាការរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ។ បន្ទាប់មក ការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយនេះ កាន់តែមានភាពស្មុគស្មាញ ដោយសារ ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដែលវឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំពុងកំណត់និយមន័យឡើងវិញជាមូលដ្ឋាននូវយន្តការនៃទាំងសន្តិសុខ ជាតិនិងកំណើនសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចសកលលោកកំពុងមានការបែងចែកកាន់តែខ្លាំង។ បណ្តាប្រទេសនានាកំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ដោយសារពួកគេចង់កាត់បន្ថយការពឹងផ្អែកលើអ្នកដទៃនិងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។ ការគំរាមកំហែងសន្តិសុខប្រភេទថ្មីៗ ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងការខ្វះខាតធនធានសំខាន់ៗ បានក្លាយជាក្តីកង្វល់កម្រិតសកលដ៏ចម្បងនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរទាំងអស់នេះមានទំនាក់ទំនងគ្នាទៅវិញទៅមក និងធ្វើឱ្យពិភពលោកកាន់តែមិនអាចទាយទុកជាមុនបាន ដែលបង្ខំឱ្យប្រទេសនានាត្រូវតែកែសម្រួលនិងបត់បែនតាមជាបន្តបន្ទាប់។ ដូចដែល Taylor & Francis (២០២៤/២០២៥) ក្នុងរបាយការណ៍ស្រាវជ្រាវ «ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់សកលឡើងវិញ ចំពេលមានភាពតានតឹងផ្នែកពន្ធដារនិងពាណិជ្ជកម្ម» បានកត់សម្គាល់ថា គោលនយោបាយគាំពារនិយមនិងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ បានបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរពីគំរូ «ទាន់ពេលវេលា» (just-in-time) មកជាគំរូ «ត្រៀមទុកជាមុន» (just-in-case) ដោយសង្កត់ធ្ងន់លើភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ទោះបីជាការរៀបចំឡើងវិញនេះ ធ្វើឱ្យកើនឡើងនូវចំណាយក៏ដោយ ប៉ុន្តែវាចាំបាច់សម្រាប់ធានានូវនិរន្តរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែង នៅក្នុងសណ្ដាប់ធ្នាប់សេដ្ឋកិច្ចសកលដែលកំពុងបែកបាក់។

លោក Robert Keohane បានកំណត់និយមន័យ «រដ្ឋតូច» ដោយផ្អែកលើការយល់ឃើញរបស់អ្នកដឹកនាំ ជាជាងគ្រាន់តែមើលលើទំហំភូមិសាស្ត្រ។ នៅក្នុងស្នាដៃរបស់លោកដែលមានចំណងជើងថា Lilliputians' Dilemmas លោកបានកំណត់ថា រដ្ឋតូចគឺជាកន្លែងដែលអ្នកដឹកនាំយល់ថា ប្រទេសរបស់ខ្លួន មិនអាចបង្កឱ្យមានឥទ្ធិពលខ្លាំងក្លាទៅលើប្រព័ន្ធតែឯកឯង ឬ ក្នុងចំណោមក្រុមតូចៗបានឡើយ។ លោកបានសង្កត់ធ្ងន់លើកម្រិតដែនកំណត់ផ្នែកចិត្តសាស្ត្រនិងផ្នែកប្រព័ន្ធ ជាជាងគ្រាន់តែទំហំរូបសាស្រ្ត។ ខណៈពេលដែលលោក Marshall Singer ផ្តោតជាពិសេស លើសមាសធាតុនៃអំណាច (ទ្រព្យសម្បត្តិ ការចាត់តាំង និងឋានៈ)។ លោកបានអះអាងថា ចំណុច ខ្សោយរបស់រដ្ឋតូចៗមានឫសគល់ចេញពីការខ្វះខាតសមាសធាតុនៃអំណាច ដែលបង្កើតឱ្យមានស្ថានភាពការពឹងផ្អែកលើអំណាចខាងក្រៅ។

ទោះជាយ៉ាងណាក៏ដោយ ផលប្រយោជន៍និងសកម្មភាពរបស់រដ្ឋតូចៗ ក៏អាចមានវិសាលភាពកម្រិតសកលផងដែរ ហើយប្រហែលជាកាន់តែមានច្រើនឡើង។ ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដល់អត្ថិភាពក្នុងកម្រិតសកលសម្រាប់រដ្ឋដែនកោះតូចៗមួយចំនួន ហើយពួកគេបានឆ្លើយតបទៅតាមនោះក្នុងកម្រិតសកល។ រដ្ឋតូចៗបានចូលរួមយ៉ាងជ្រៅនៅក្នុងហិរញ្ញវត្ថុសកល ដែលជួនកាលដើរតួជាជម្រកសារពើពន្ធ (Tax havens) មជ្ឈមណ្ឌលធនាគារក្រៅប្រទេស ឬជាមជ្ឈមណ្ឌលសម្រាប់ការលាងលុយកខ្វក់។ រដ្ឋតូចៗអាចមានសហគមន៍អណិកជនដ៏ធំរបស់ខ្លួននៅតាមបណ្ដារដ្ឋផ្សេងៗ។ សព្វថ្ងៃនេះ រដ្ឋតូចៗជាច្រើនមិនអាចមានលទ្ធភាពផ្តោតតែលើផលប្រយោជន៍ក្នុងស្រុកតែមួយមុខនោះទេ។

* ផលរំខាននិងបញ្ហាប្រឈមសម្រាប់រដ្ឋតូចៗ
ការផ្លាស់ប្តូរឆ្ពោះទៅរកសណ្ដាប់ធ្នាប់សកលដែលបែកបាក់គ្នា បង្ហាញពីការបោះជំហានយ៉ាង គំហុកពីប្រព័ន្ធដែលគ្រប់គ្រងដោយច្បាប់រួម ទៅកាន់ប្រព័ន្ធដែលរុញច្រានដោយអំណាចសាច់ដុំ ដែលបង្កើតជាបញ្ហាប្រឈមយ៉ាងជ្រាលជ្រៅសម្រាប់រដ្ឋតូចៗ។ នៅពេលដែលក្របខណ្ឌពហុភាគីនិងស្ថាប័ននានាដូចជា អង្គការសហប្រជាជាតិនិងអង្គការពាណិជ្ជកម្មពិភពលោកចុះខ្សោយ ខែលការពារផ្លូវច្បាប់ ដែលស្ថាប័នទាំងនេះធ្លាប់ផ្តល់ឱ្យ ក៏កំពុងតែសឹករេចរឹលជាលំដាប់។ ជំនួសមកវិញ រដ្ឋតូចៗប្រឈមមុខនឹងការប៉ះទង្គិចកាន់តែខ្លាំងជាមួយសកម្មភាពឯកតោភាគីរបស់មហាអំណាចធំៗ។

បរិយាកាសនេះធ្វើឱ្យកាន់តែធ្ងន់ធ្ងរនូវវិបត្តិជម្រើសរវាង «អាវុធ ឬ បាយ» (Guns vs. Butter) ដែលបង្ខំឱ្យរដ្ឋាភិបាលដែលមានធនធានមានកម្រិត ត្រូវបង្វែរថវិកាចេញពីវិស័យអប់រំនិងសុខាភិបាល ទៅរកសមត្ថភាពការពារជាតិនិងយុទ្ធសាស្ត្រទប់ស្កាត់ជាអប្បបរមាវិញ ដែលនេះជាកាលៈទេសៈមួយដែលកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចសកលខ្លួនឯងកំពុងក្លាយជាអាវុធយុទ្ធសាស្ត្រ៖ និន្នាការដូចជាការផ្តាច់ខ្លួនចេញ (Decoupling) និងការរកស៊ីតែជាមួយមិត្តភក្តិ (Friend-shoring) បានរំខានដល់ប្រព័ន្ធពាណិជ្ជកម្មសេរី ដែលប្រទេសសេដ្ឋកិច្ចតូចៗជាច្រើនពឹងផ្អែកលើសម្រាប់កំណើននិងស្ថិរភាពរបស់ខ្លួន។

បញ្ហាប្រឈមផ្នែកសន្តិសុខ លែងមានកម្រិតត្រឹមតែសង្គ្រាមតាមបែបប្រពៃណីទៀតហើយ។ ព្រំដែនប្រពៃណីរវាង «សន្តិភាព» និង «សង្គ្រាម» បានក្លាយជាស្រពិចស្រពិល ដែលនាំឱ្យរដ្ឋតូចៗត្រូវប្រតិបត្តិការក្រោមការគំរាមកំហែងបែបចម្រុះ (Hybrid threats) ជាបន្តបន្ទាប់ រួមមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ការវាយប្រហារតាមសាយប័រលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទម្រង់នៃសម្ពាធសេដ្ឋកិច្ច។ យុទ្ធសាស្ត្រទាំងនេះ បំផ្លាញសាមគ្គីភាពសង្គម និងស្ថាប័នប្រជាធិបតេយ្យ ខណៈដែលជារឿយៗវាអាចគេចផុតពីយន្តការការពារជាតិបែបប្រពៃណី។

អ្វីដែលកាន់តែពិបាកនោះគឺ ភាពបត់បែនខាងយុទ្ធសាស្ត្រដែលធ្លាប់ផ្សារភ្ជាប់ជាមួយការរក្សាតុល្យភាពមហាអំណាច (Hedging) ឬ «ការទូតដើមឫស្សី» (Bamboo Diplomacy) កំពុងតែថយចុះ។ ឧទាហរណ៍ យុទ្ធសាស្ត្រអន្តរជាតិរបស់ទីក្រុងហាណូយ ដែលគេស្គាល់ថាជា «ការទូតដើមឫស្សី» កំពុងឈានដល់ចំណុចបាក់ឆ្អឹង ខណៈដែលវាប្រឈមនឹងហានិភ័យក្នុងការធ្វើឱ្យវៀតណាមធ្លាក់ក្នុងអន្ទាក់នៃការប្រជែងគ្នារវាងអាម៉េរិកនិងចិនកាន់តែខ្លាំង។ នៅពេលដែលប្លុកគូប្រជែងកាន់តែទាមទារឱ្យមានការជ្រើសរើសខាងឱ្យច្បាស់លាស់ ភាពអព្យាក្រឹតប្រឈមនឹងការក្លាយជាបន្ទុក ដែលអាចធ្វើឱ្យប្រទេសមួយត្រូវបានគេផាត់ចេញ ឬក្លាយជាសមរភូមិខ្ចីដៃ (Proxy battleground)។ ចំពោះមុខការទាមទារនេះ កម្ពុជាកំពុងប្រឈមមុខនឹង «អន្ទាក់អព្យាក្រឹតភាព» យ៉ាងខ្លាំង ដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្វ័យភាព ប្រឈមនឹងការយល់ច្រឡំថាជាការខ្វះការប្តេជ្ញាចិត្ត ដែលអាចនាំឱ្យមានការដាច់ឆ្ងាយពីការទូត ឬធ្វើឱ្យជាតិក្លាយជាគោលដៅនៃសម្ពាធសេដ្ឋកិច្ចពីខាងក្រៅ។

* ភាពចាំបាច់ខាងយុទ្ធសាស្ត្រនៃរដ្ឋតូចៗ
រដ្ឋតូចៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរំខានជាសកល ដោយសារពួកគេមានអំណាចយោធាមានកម្រិតនិងសេដ្ឋកិច្ចដែលមិនសូវមានភាពបត់បែន។ រដ្ឋភាគច្រើនមិនអាចការពារខ្លួនឯងបានរឹងមាំនោះទេ ដូច្នេះពួកគេត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិសម្រាប់សន្តិសុខ។ ប៉ុន្តែនៅពេលដែលមហាអំណាចប្រកួតប្រជែងគ្នាកាន់តែខ្លាំង ហើយច្បាប់ទាំងនេះកាន់តែចុះខ្សោយ រដ្ឋតូចៗកាន់តែងាយរងគ្រោះ។ សេដ្ឋកិច្ចរបស់ពួកគេក៏ពឹងផ្អែកលើពាណិជ្ជកម្មនិងការវិនិយោគពីបរទេសផងដែរ ដូច្នេះការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ឬគោលនយោបាយពាណិជ្ជកម្ម អាចបង្កគ្រោះថ្នាក់ដល់ពួកគេយ៉ាងឆាប់រហ័ស។ នៅក្នុងពិភពលោកដែលត្រូវបានកត់សម្គាល់ដោយការ បែកបាក់ជាបន្តបន្ទាប់ ការគ្រាន់តែអនុលោមតាមច្បាប់តែមួយមុខ លែងធានាបាននូវស្វ័យភាពយុទ្ធសាស្ត្រទៀតហើយ។

ការរក្សាភាពជាម្ចាស់ (Agency) នាពេលបច្ចុប្បន្ន ទាមទារឱ្យមានភាពបត់បែន ការធ្វើពិពិធកម្ម និងការប្រើប្រាស់បណ្តាញឥទ្ធិពលបំពេញបន្ថែមផ្សេងៗ។ ដូច្នេះ រដ្ឋតូចៗត្រូវតែវាយតម្លៃឡើងវិញអំពីរបៀបដែលស្វ័យភាព ភាពធន់ និងឥទ្ធិពល ត្រូវបានបង្កើតឡើងនៅក្រោមលក្ខខណ្ឌទាំងនេះ។ វិធីសាស្រ្តដែលផ្សារភ្ជាប់គ្នាបី គឺពិតជាមានសារៈសំខាន់៖ ការទទួលស្គាល់កម្រិតដែនកំណត់នៃរចនាសម្ព័ន្ធនិងការទាមទារមកវិញនូវភាពជាម្ចាស់ ការកសាងភាពធន់ជាមូលដ្ឋាននៃស្វ័យភាព និងការប្រើប្រាស់ឥទ្ធិពលតាមរយៈកិច្ចសហប្រតិបត្តិការនិងការចូលរួមរបស់ស្ថាប័ន។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ «សណ្ដាប់ធ្នាប់ពិភពលោកថ្មី» ក៏បង្កើតឱ្យមានឱកាសផងដែរ។ រដ្ឋតូចៗអាចបង្កើនឥទ្ធិពលរបស់ពួកគេបាន តាមរយៈការមានភាពបត់បែនក្នុងវិស័យការទូតនិងការផ្តោតលើចំណុចខ្លាំងជាក់លាក់។

ឧទាហរណ៍៖ ពួកគេអាចដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹតរវាងមហាអំណាចធំៗនិងទទួលបានសារៈសំខាន់លើសពីទំហំជាក់ស្តែងរបស់ពួកគេ។ រដ្ឋជាច្រើនក៏ប្រើប្រាស់យុទ្ធសាស្ត្រ «រក្សាតុល្យភាពមហាអំណាច» (Hedging) ដោយកសាងទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗគ្នា ដើម្បីកាត់បន្ថយហានិភ័យនិងទទួលបានអត្ថប្រយោជន៍។

យុទ្ធសាស្ត្ររក្សាតុល្យភាព (Hedging) គឺជាគោលនយោបាយដែលត្រូវបានអនុវត្តដោយគ្មានការប្រកាសជាសាធារណៈ។ គោលបំណងដែលចង់បានសម្រាប់យុទ្ធសាស្ត្ររក្សាតុល្យភាពរួមមាន៖ ការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំជាមួយមហាអំណាចទាំងពីរដែលកំពុងប្រជែងគ្នា ការបង្កើនការការពារជាអតិបរមា ដើម្បីប៉ះប៉ូវហានិភ័យជាច្រើននៅក្រោមភាពមិនច្បាស់លាស់ និងចុងក្រោយគឺការរក្សាជម្រើសទាំងអស់ឱ្យនៅចំហឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ តាមរយៈការធ្វើការរួមគ្នានៅក្នុងអង្គការអន្តរជាតិ ប្រទេសតូចៗអាចធ្វើឱ្យសំឡេងរបស់ពួកគេកាន់តែរឹងមាំ។ បច្ចេកវិទ្យា ក៏ដើរតួទាំងវិជ្ជមាននិងអវិជ្ជមានផងដែរ វាជួយឱ្យរដ្ឋតូចៗអភិវឌ្ឍបានលឿននិងចូលរួមក្នុងទីផ្សារសកល ប៉ុន្តែវាក៏នាំមកនូវហានិភ័យដូចជាការគំរាមកំហែងតាមសាយប័រ និងបញ្ហាប្រឈមលើការគ្រប់គ្រងទិន្នន័យផងដែរ។

ដើម្បីរក្សាភាពរឹងមាំក្នុងរយៈពេលវែង រដ្ឋតូចៗត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេនិងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ អាចជួយកាត់បន្ថយហានិភ័យនិងបង្កើនសមត្ថភាពប្រកួតប្រជែង។ ក្នុងពេលជាមួយគ្នានេះដែរ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ក៏ផ្តល់នូវឱកាសថ្មីៗផងដែរ។ ការវិនិយោគលើថាមពលកកើតឡើងវិញ និងទេសចរណ៍ប្រកបដោយនិរន្តរភាព អាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ខណៈពេលដែលជួយពួកគេក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ជាចុងក្រោយ ការរស់រានមានជីវិតរបស់រដ្ឋតូចមួយ នៅក្នុងពិភពលោកដែលមិនច្បាស់លាស់នេះ គឺអាស្រ័យលើសមត្ថភាពរបស់ខ្លួនក្នុងការបង្វែរដែនកំណត់ឱ្យទៅជាចំណុចខ្លាំង ដោយការរក្សាភាពបត់បែន ការកសាងភាពជាដៃគូច្រើនរូបភាព និងការប្រើប្រាស់បច្ចេកវិទ្យាដោយឆ្លាតវៃ។ ឧទាហរណ៍ ប្រទេសសិង្ហបុរីត្រូវបានគេស្គាល់ថា មានសិល្បៈដឹកនាំរដ្ឋដ៏វៃឆ្លាត (Smart Statecraft) ដោយប្រើប្រាស់បច្ចេកវិទ្យានិងការទូតកម្រិតខ្ពស់ ដើម្បីគ្រប់គ្រងលើភាពងាយរងគ្រោះរបស់ខ្លួន។

* ថាមភាពសន្តិសុខនៅក្នុងពិភពលោកដែលបែកបាក់
ទិដ្ឋភាពសន្តិសុខដែលកំពុងវិវត្ត បានបង្ហាញនូវបញ្ហាប្រឈមថ្មីៗដ៏ស្មុគស្មាញ ជាពិសេសនៅពេលដែលការសឹករេចរឹលនៃបទដ្ឋានពហុភាគីកាន់តែលេចឡើងច្បាស់។ រដ្ឋបាលទីពីររបស់លោក ត្រាំ ក៏បានធ្វើឱ្យចុះខ្សោយប្រព័ន្ធអង្គការសហប្រជាជាតិនិងពហុភាគីនិយមក្នុងការដោះស្រាយជម្លោះ ដែលជាថ្នូរនឹងការបំផ្លាញភាពស្របច្បាប់របស់អង្គការសហប្រជាជាតិ និងបង្កឱ្យមានការខ្វះទំនុកចិត្តលើច្បាប់អន្តរជាតិ។ វាបង្ហាញថា ប្រព័ន្ធពហុភាគីកំពុងស្ថិតក្រោមសម្ពាធ។ ការធ្លាក់ចុះនៃទំនុកចិត្ត ការថយចុះតម្លាភាពនិងការគោរពនីតិរដ្ឋ រួមជាមួយការកើនឡើងនៃគោលនយោបាយគាំពារនិយម កំពុងគំរាមកំហែងដល់ទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងការវិនិយោគដែលមានជាយូរមកហើយ ព្រមទាំងបង្កើនលទ្ធភាពនៃការកើតមានជម្លោះ។ នៅពេលដែលមហាអំណាចកាន់តែផ្តល់អាទិភាព លើការប្រកួតប្រជែងយុទ្ធសាស្ត្រ ជាជាងកិច្ចសហប្រតិបត្តិការរួម ប្រសិទ្ធភាពនៃស្ថាប័នអន្តរជាតិនានា មាននិន្នាការធ្លាក់ចុះ ដែលនាំឱ្យថយចុះនូវកិច្ចការពារតាមរយៈស្ថាប័នដែលរដ្ឋតូចៗធ្លាប់ពឹងផ្អែកពីមុនៗមក។ ក្រៅពីការផ្លាស់ប្តូររចនាសម្ព័ន្ធ បច្ចុប្បន្ន រដ្ឋតូចៗត្រូវតែដោះស្រាយជាមួយការគំរាមកំហែង បែបចម្រុះ (Hybrid threats) ដែលធ្វើឱ្យព្រំដែនរវាងសន្តិភាពនិងជម្លោះកាន់តែស្រពិចស្រពិល ដូចជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដ៏ទំនើប សម្ពាធសេដ្ឋកិច្ច និងប្រតិបត្តិការសាយប័រដែល មានចេតនាអាក្រក់។

ឧទាហរណ៍៖ ប្រទេសថៃប្រើប្រាស់យុទ្ធសាស្ត្រចម្រុះមកលើកម្ពុជាដែលជារដ្ឋតូច រួមមានការជ្រៀតជ្រែកផ្នែកនយោបាយ ព័ត៌មានមិនពិត សម្ពាធនិងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ការធ្វើវិទ្ធង្សនា និងការឈ្លានពាន។ ខណៈពេលដែលភាពជាដៃគូការពារជាតិ និងសម្ព័ន្ធភាពយុទ្ធសាស្ត្រ នៅតែជាឧបករណ៍ចាំបាច់សម្រាប់សន្តិសុខជាតិ ពួកគេចាំបាច់ត្រូវដោះស្រាយដោយប្រុងប្រយ័ត្នបំផុត បើមិនដូច្នោះទេ ប្រទេសមួយអាចនឹងពឹងផ្អែកខ្លាំងពេកលើសម្ព័ន្ធមិត្តរបស់ខ្លួនឬត្រូវបានទាញចូលទៅក្នុងជម្លោះរវាងមហាអំណាចដោយមិនដឹងខ្លួន។

ការពិនិត្យស៊ីជម្រៅប្រៀបធៀបពីករណីសិក្សាផ្សេងៗ បានបង្ហាញឱ្យឃើញនូវយុទ្ធសាស្ត្រ និងលទ្ធផលចម្រុះសម្រាប់រដ្ឋតូចៗដែលកំពុងធ្វើដំណើរក្នុងស្ថានភាពបែកបាក់នេះ។ រដ្ឋខ្លះបានកំណត់ទីតាំងខ្លួនឯងដោយជោគជ័យ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកលដែលមិនអាចខ្វះបាន តាមរយៈការវិនិយោគចំគោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ អភិបាលកិច្ចរឹងមាំ និងមូលធនមនុស្ស។ រដ្ឋខ្លះទៀតបានបង្កើតតួនាទីជាអ្នកសម្របសម្រួលអព្យាក្រឹតដែលគួរឱ្យជឿជាក់ ដោយប្រើប្រាស់ភាពរហ័សរហួនខាងការទូតរបស់ពួកគេ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកម្រិតខ្ពស់ និងរួមចំណែកដល់ការដោះស្រាយជម្លោះអន្តរជាតិ។

ឧទាហរណ៍៖ ប្រទេសពីរនៅអាស៊ីអាគ្នេយ៍គឺ ព្រុយណេ និងសិង្ហបុរី ផ្តល់ជាគំរូដ៏ល្អអំពីរបៀបដើរតួនៅក្នុងឆាកអន្តរជាតិនេះ។ ទន្ទឹមនឹងនេះ ការតស៊ូរបស់រដ្ឋតូចៗ មួយចំនួនជាមួយអស្ថិរភាពនយោបាយរ៉ាំរ៉ៃ ការពឹងផ្អែកផ្នែកសេដ្ឋកិច្ច និងការកើនឡើងនៃហានិភ័យ ខាងបរិស្ថាន ក៏ជាការរំលឹកយ៉ាងច្បាស់អំពីភាពចាំបាច់នៃអភិបាលកិច្ចរឹងមាំ និងការរៀបចំផែនការ យុទ្ធសាស្ត្រសកម្ម ក្នុងយុគសម័យនៃភាពមិនច្បាស់លាស់ជាសកលនេះ។

* ការទូតវៃឆ្លាត៖ របៀបដែលរដ្ឋតូចៗរស់រានមានជីវិត
នៅក្នុងពិភពលោកដែលមិនអាចទាយទុកជាមុនបាន និងពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន រដ្ឋតូចៗមិនអាចពឹងផ្អែកតែលើច្បាប់អន្តរជាតិ ឬសុឆន្ទៈរបស់អ្នកដទៃតែមួយមុខបាននោះទេ។ ដើម្បីធានាបានការរស់រានមានជីវិត ជាញឹកញាប់ រដ្ឋតូចៗត្រូវតែស្វែងរកកិច្ចការពារនៅក្នុងសម្ព័ន្ធភាពធំៗ ប៉ុន្តែការការពារនេះអាចនឹងត្រូវដោះដូរមកវិញដោយការបាត់បង់ស្វ័យភាព។ ផ្ទុយទៅវិញ ពួកគេត្រូវតែអនុវត្ត «ការទូតវៃឆ្លាត» (Smart Diplomacy) ដែលជាវិធីសាស្ត្រយុទ្ធសាស្ត្រប្រកបដោយភាពបត់បែន ដែលបង្វែរចំណុចខ្សោយរបស់ពួកគេឱ្យទៅជាចំណុចខ្លាំង។

ដោយសារធនធានយោធានិងការទូតមានកម្រិត បានរឹតត្បិតសេរីភាពនៃសកម្មភាពនិងមិនអាចប្រើប្រាស់អំណាចរឹង (Hard power) រដ្ឋតូចៗត្រូវតែពឹងផ្អែកលើការរួមបញ្ចូលគ្នារវាងការទូតប្រកបដោយភាពច្នៃប្រតិដ្ឋ នៃអំណាចទន់ (Soft power) និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើដំណើរនៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងដោយតួអង្គធំៗ។ មានន័យថា ពួកគេត្រូវតែបង្ហាញភាពស្ងប់ស្ងាត់ និងរក្សាកិច្ចសហប្រតិបត្តិការខាងក្រៅ ខណៈពេលដែលរក្សាភាពរឹងមាំក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ស្នូល។

ដើម្បីរស់រានមានជីវិត រដ្ឋតូចៗពឹងផ្អែកលើយុទ្ធសាស្ត្រសំខាន់ៗចំនួនបី។ ទីមួយ ពួកគេចៀសវាងការជ្រើសរើសខាងរវាងមហាអំណាចធំៗ ហើយជំនួសមកវិញនូវការកសាងបណ្តាញភាពជាដៃគូឱ្យបានទូលំទូលាយ។ តាមរយៈការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជាច្រើន ពួកគេធ្វើឱ្យមហាអំណាចណាមួយពិបាកនឹងចាត់វិធានការប្រឆាំងនឹងពួកគេ ព្រោះវាត្រូវចំណាយខ្ពស់។ ទីពីរ នៅពេលប្រឈមមុខនឹងសម្ពាធពីប្រទេសខ្លាំងៗ ដែលជាស្ថានភាពចាំបាច់មិនមែនជាជម្រើស ពួកគេនាំយកបញ្ហាទាំងនោះទៅកាន់វេទិកាអន្តរជាតិ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ និងការគាំទ្រពីសកលលោក។ ការណ៍នេះជួយទប់ស្កាត់ប្រទេសធំៗ មិនឱ្យធ្វើសកម្មភាពជាឯកតោភាគី ដោយផ្តល់ពេលវេលានិងភាពស្របច្បាប់ដល់រដ្ឋតូចៗក្នុងការឆ្លើយតប។ តួនាទីរបស់រដ្ឋតូចៗនៅក្នុងការចរចាពហុភាគីនានា បញ្ជាក់ថា ក្រុមតូចៗដែលមានសាមគ្គីភាពអាចបង្កឱ្យមានឥទ្ធិពលយ៉ាងសំខាន់។ ទីបី ការទូតដ៏រឹងមាំត្រូវតែមានការគាំទ្រដោយគ្រឹះផ្ទៃក្នុងដ៏រឹងមាំ ដូចជាស្ថិរភាពសេដ្ឋកិច្ច ឯកភាពសង្គម និងសមត្ថភាពការពារជាតិដ៏ឆ្លាតវៃ។ បើគ្មានកត្តាទាំងនេះទេ ការទូតតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ កត្តាសំខាន់មួយទៀត គឺការរក្សាតុល្យភាពរវាងការចំណាយលើវិស័យសន្តិសុខនិងការអភិវឌ្ឍសង្គម។ ជាជាងការផ្តោតតែលើអំណាចយោធា រដ្ឋវៃឆ្លាតវិនិយោគលើការអប់រំ សុខាភិបាល និងមូលធនមនុស្ស។ សង្គមមួយដែលត្រូវបានអភិវឌ្ឍយ៉ាងល្អនិងមានភាពធន់ គឺពិបាកនឹងត្រូវបានគេបង្កអស្ថិរភាព ហើយតែងត្រៀមលក្ខណៈប្រសើរជាងមុនជាស្រេចសម្រាប់ប្រឈមនឹងបញ្ហាថ្មីៗជានិច្ច។

សរុបមក សម្រាប់រដ្ឋតូចៗ ការទូតមិនមែនជាការជំនួសឱ្យភាពរឹងមាំនោះទេ ប៉ុន្តែវាគឺជាវិធីមួយដើម្បីពង្រីកភាពរឹងមាំនោះឱ្យកាន់តែខ្លាំង។ តាមរយៈការរក្សាភាពបត់បែន ការកសាងភាពជាដៃគូរឹងមាំ និងការត្រៀមខ្លួនពង្រឹងផ្ទៃក្នុងឱ្យបានល្អ នោះរដ្ឋតូចៗអាចបន្តរក្សាបាននូវភាពពាក់ព័ន្ធ កិច្ចការពារ និងភាពធន់ នៅក្នុងប្រព័ន្ធសកលដ៏ស្មុគស្មាញបាន។

* អនុសាសន៍គោលនយោបាយ និងតួនាទីនៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រដ្ឋតូចៗ
ដើម្បីឆ្លងកាត់សម្ពាធនៃសណ្ដាប់ធ្នាប់សកលដែលកំពុងវិវត្ត រដ្ឋតូចៗត្រូវការយុទ្ធសាស្ត្រប្រកបដោយតុល្យភាព ដែលរួមបញ្ចូលទាំងការកែទម្រង់ក្នុងស្រុកនិងការចូលរួមជាមួយខាងក្រៅ។ ចំណុចស្នូលនៃវិធីសាស្ត្រនេះ គឺការពង្រឹងអភិបាលកិច្ចនិងស្ថាប័នសាធារណៈ ព្រោះស្ថាប័នដែលមានសមត្ថភាព គឺចាំបាច់បំផុតសម្រាប់ការគ្រប់គ្រងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសកលផ្សេងៗ។ ការណ៍នេះត្រូវតែបន្ថែមដោយការវិនិយោគប្រកបដោយនិរន្តរភាពលើមូលធនមនុស្ស ជាពិសេសតាមរយៈការអប់រំកម្រិតខ្ពស់ និងការអភិវឌ្ឍជំនាញឯកទេស ដែលអនុញ្ញាតឱ្យរដ្ឋតូចៗអាចរក្សាសមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចសកលដែលផ្អែកលើចំណេះដឹង។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏មានសារៈសំខាន់ដូចគ្នាដែរ ដោយសារការកាត់បន្ថយការពឹងផ្អែកលើវិស័យឧស្សាហកម្មចង្អៀត ឬលើដៃគូពាណិជ្ជកម្មធំតែមួយ នឹងជួយបង្កើនភាពធន់នឹងការរំខានពីខាងក្រៅ។

នៅកម្រិតអន្តរជាតិ រដ្ឋតូចៗគួរតែពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឌីជីថល និងយុទ្ធសាស្ត្រអាកាសធាតុ ដែលអនុញ្ញាតឱ្យពួកគេអាចប្រមូលផ្ដុំធនធាន និងដោះស្រាយហានិភ័យរួមគ្នា។ ទន្ទឹមនឹងនេះ ពួកគេគួរតែគាំទ្រវិធានការទាំងឡាយណាដែលកសាងសហគមន៍ពិភពលោក និងលើកកម្ពស់សុខុមាលភាព ដូចជាបញ្ហាបរិស្ថាន ការរំសាយអាវុធ គ្រាប់មីន សមភាពយេនឌ័រ និងពូជសាសន៍ ព្រមទាំងសិទ្ធិមនុស្ស។ តាមរយៈការបន្ត និងការលើកកម្ពស់ការរួមចំណែករបស់ពួកគេនៅក្នុងវិស័យទាំងនេះ រដ្ឋតូចៗអាចផ្តល់នូវការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងពិភពលោកមួយដែលអត្ថិភាពនិងឋានៈរបស់ពួកគេនឹងមិនត្រូវបានគេចោទសួរ។ ការរក្សាភាពបត់បែនខាងយុទ្ធសាស្ត្រក៏ជារឿងសំខាន់ផងដែរ ដោយការចៀសវាងសម្ព័ន្ធភាពដែលតឹងរ៉ឹងពេក រដ្ឋតូចៗអាចការពារស្វ័យភាពរបស់ខ្លួន និងសម្របខ្លួនបានកាន់តែងាយស្រួលទៅនឹងថាមភាពភូមិសាស្ត្រនយោបាយដែលប្រែប្រួល។

ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងស្រុកទាំងនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតួនាទីរបស់ដៃគូខាងក្រៅ រួមមានមហាអំណាចនិងអង្គការអន្តរជាតិនានា។ ទោះបីជាជំនួយអភិវឌ្ឍន៍នៅតែមានសារៈសំខាន់ ប៉ុន្តែវានឹងមានឥទ្ធិពលបំផុតនៅពេលដែលផ្តោតលើការកសាងសមត្ថភាពរយៈពេលវែង ដែលស្របទៅនឹងតម្រូវការរចនាសម្ព័ន្ធរបស់រដ្ឋតូចៗ។ ក្រៅពីជំនួយ ការធានាឱ្យមានពាណិជ្ជកម្មដែលត្រឹមត្រូវ និងបើកចំហគឺជាកត្តាចាំបាច់ ជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារ និងការកាត់បន្ថយវិធានការគាំពារនិយម ដែលប៉ះពាល់ដល់សេដ្ឋកិច្ចតូចៗ។

លើសពីនេះ ដោយសារការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដល់អត្ថិភាពសម្រាប់រដ្ឋតូចៗនិងរដ្ឋដែនកោះជាច្រើន ហិរញ្ញប្បទានអាកាសធាតុគ្រប់គ្រាន់សម្រាប់ទាំងការកាត់បន្ថយនិងការបន្ស៊ាំ គឺជារឿងចាំបាច់ដែលមិនអាចខ្វះបាន។ នៅពេលដែលតួអង្គខាងក្រៅតម្រង់ទិសដៅនៃការគាំទ្ររបស់ពួកគេឱ្យស្របនឹងតម្រូវការពិតប្រាកដរបស់រដ្ឋតូចៗ ពួកគេបានរួមចំណែកដល់ប្រព័ន្ធអន្តរជាតិដែលមានស្ថិរភាពនិងសមធម៌ជាងមុន ដោយបំពាក់ឱ្យប្រជាជាតិដែលងាយរងគ្រោះនូវមធ្យោបាយដើម្បីរស់រាន និងរីកចម្រើននៅក្នុងពិភពលោកដែលកាន់តែបែកបាក់គ្នា។

* សេចក្តីសន្និដ្ឋាន
សណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងលេចឡើង ត្រូវបានកំណត់ដោយការរំខានភាពស្មុគស្មាញនៃប្រព័ន្ធ និងការកើនឡើងនៃភាពមិនច្បាស់លាស់។ សម្រាប់រដ្ឋតូចៗ ការផ្លាស់ប្តូរនេះនាំមកនូវហានិភ័យដ៏ធំធេងដល់អត្ថិភាព ប៉ុន្តែវាក៏បង្កើតឱ្យមានឱកាសយុទ្ធសាស្ត្រដែលមិនធ្លាប់មានពីមុនមកផងដែរ។ ទោះបីជាភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធ នៅតែជាការណ៍ពិតក៏ដោយ ប៉ុន្តែវាមិនមែនជាអ្នកកំណត់វាសនារបស់ប្រជាជាតិឡើយ។ តាមរយៈចក្ខុវិស័យ យុទ្ធសាស្ត្រ អភិបាលកិច្ចរឹងមាំ និងការទូតប្រកបដោយភាពច្នៃប្រតិដ្ឋ រដ្ឋតូចៗអាចធ្វើដំណើរឆ្លងកាត់ស្ថានភាពបែកបាក់នៃទិដ្ឋភាពសកលដែលកំពុងវិវត្តនេះបាន ហើយថែមទាំងអាចពង្រីកវិសាលភាពនៃឥទ្ធិពលរបស់ខ្លួនទៀតផង។

នៅក្នុងបរិយាកាសដែលប្រែប្រួលយ៉ាងឆាប់រហ័សនេះ ការសម្របខ្លួនមិនមែនជាជម្រើសនោះទេ ប៉ុន្តែរដ្ឋនានាត្រូវតែបណ្តុះនូវ «សមត្ថភាពដែលអាចឈរជើងបាននៅក្នុងស្ថានភាពចលាចល» (Chaos Competence)។ ការណ៍នេះតម្រូវឱ្យមានការជំរុញភាពធន់ផ្ទៃក្នុង ការការពារសុចរិតភាពនៃស្ថាប័ន និងការធ្វើពិពិធកម្មភាពជាដៃគូខាងក្រៅ។ ការរស់រានមានជីវិត លែងពឹងផ្អែកលើស្ថិរភាពនៃប្រព័ន្ធសកលលោកទៀតហើយ ប៉ុន្តែវាអាស្រ័យលើសមត្ថភាពរបស់រដ្ឋចំពោះភាពរហ័សរហួន និងស្វ័យភាព នៅក្នុងពិភពលោកដែលត្រូវបានបែងចែកដោយមហាអំណាចដែលកំពុងប្រកួតប្រជែងគ្នា។

ជាចុងក្រោយផ្លូវដើររបស់រដ្ឋតូចៗនៅក្នុងយុគសម័យថ្មីនេះ នឹងត្រូវកំណត់ដោយសមត្ថភាពរបស់ពួកគេក្នុងការទាញយកប្រយោជន៍ពីចំណុចខ្លាំងជាក់លាក់របស់ខ្លួន។ នៅក្នុងទិដ្ឋភាពដែលអំណាចកាន់តែមានលក្ខណៈសាយភាយ ទំហំមិនមែនជាកត្តាតែមួយគត់ដែលកំណត់ភាពជោគជ័យនោះទេ។ ផ្ទុយទៅវិញ ភាពធន់និងចក្ខុវិស័យយុទ្ធសាស្ត្រ នឹងក្លាយជាខ្នាតវាស់វែងចម្បងនៃរបៀបដែលរដ្ឋតូចៗអាចឈរជើងបាន។ តាមរយៈការផ្តល់អាទិភាពលើភាពបត់បែន និងការកសាងសមត្ថភាពឯកទេស ពួកគេអាចផ្លាស់ប្តូរខ្លួនពីតំណភ្ជាប់ដែលងាយរងគ្រោះ នៅក្នុងខ្សែច្រវាក់តំបន់ ទៅជា ថ្នាំង (Nodes) ដែលមានភាពធន់នៃបណ្តាញសន្តិសុខ ដែលអាចបន្សាបការគំរាមកំហែងមិនមែនប្រពៃណីប្រកបដោយប្រសិទ្ធភាព មុនពេលដែលវាបង្កឱ្យមានការបែកបាក់ផ្ទៃក្នុង៕