មន្រ្តីជាន់ខ្ពស់សុខាភិបាល អំពាវនាវដល់និស្សិតមកចុះបញ្ជិកានៅគណៈគ្រូពេទ្យ ដើម្បីមានសិទ្ធិស្របតាមច្បាប់ ក្នុងការអនុវត្តកិច្ចការងារថែទាំ ពិនិត្យ ព្យាបាលអ្នកជំងឺ ក្រោមការត្រួតពិនិត្យរបស់គ្រូណែនាំគ្លីនិក
29-04-2026 20:29
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអំពាវនាវនិសិ្សតថ្នាក់អន្តេវាសិក និងថ្នាក់ឯកទេសមកចុះបញ្ជិកានៅគណៈគ្រូពេទ្យ ដើម្បីមានសិទ្ធិស្របតាមច្បាប់នៅក្នុងការអនុវត្តកិច្ចការងារថែទាំ ពិនិត្យ ព្យាបាលអ្នកជំងឺ ក្រោមការត្រួតពិនិត្យរបស់គ្រូណែនាំគ្លីនិក។
ការអំពាវនាវរបស់លោកសាស្ត្រាចារ្យ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវជ្ជសាស្ត្រ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ អន្តរជាតិ (IU)។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានថ្លែងថាជាគោលការណ៍របស់គណៈវិជ្ជាជីវៈ អ្នកដែលទៅប៉ះពាល់អ្នកជំងឺភាគច្រើនចាំបាច់ណាស់ត្រូវតែមានការចុះបញ្ជិកាពីគណៈគ្រូពេទ្យ ហើយនិងមានអាជ្ញាប័ណ្ណដើម្បីធានាថាការអនុវត្តការងាររបស់និស្សិតគឺស្របតាមច្បាប់ និងមានការទទួលស្គាល់ត្រឹមត្រូវ ជៀសវាងបញ្ហានៅពេលមានហានិភ័យវេជ្ជសាស្ត្រកើតឡើង។
លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងថា «មានប្អូនៗ ក្មួយៗ និស្សិតជាថ្នាក់អន្តេវាសិក ហើយនិងថ្នាក់ឯកទេស ភាគច្រើនបានទៅអនុវត្តកិច្ចការងារនៅក្នុងមន្ទីរពេទ្យផ្ទាល់ ដូចជាសាកសួរនាំអាការៈអ្នកជំងឺ ឬធ្វើជាជំនួយការពិនិត្យព្យាបាលជំងឺផ្សេងៗ ឬក៏ក្នុងការវះកាត់ជាដើម។ ដូច្នេះខ្ញុំសំណូមពរឱ្យក្មួយៗ ដែលជានិស្សិតទាំងអស់ ត្រូវមានការចុះបញ្ជិកានៅក្នុងគណៈគ្រូពេទ្យ ហើយគណៈគ្រូពេទ្យនឹងធ្វើការបញ្ជាក់ថា ក្មួយៗមានសិទ្ធិនៅក្នុងការអនុវត្តកិច្ចការងារថែទាំ ពិនិត្យ ព្យាបាលជំងឺ ដោយស្ថិតក្រោមការត្រួតពិនិត្យផ្ទាល់ពីគ្រូណែនាំ (Supervisor) តែប៉ុណ្ណោះ មិនមែនជាការអនុវត្តដោយឯករាជ្យដែលខ្វះការទទួលខុសត្រូវនោះឡើយ ដើម្បីធានាថាការអនុវត្តការងាររបស់និស្សិតស្របតាមច្បាប់ ជៀសវាងបញ្ហានៅពេលមានហានិភ័យវេជ្ជសាស្ត្រកើតឡើង»។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យ បានណែនាំដល់មហាវិទ្យាល័យ សាកលវិទ្យាល័យនៃការបណ្តុះបណ្តាលអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ អាចរៀបចំបញ្ជីឈ្មោះនិស្សិតដែលមានសុពលភាព រួចបញ្ជូនទៅគណៈគ្រូពេទ្យជាតិ ស្នើសុំអាជ្ញាប័ណ្ណជាសមូហភាពតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិត។
«ការចុះបញ្ជិកាឱ្យមានអាជ្ញាប័ណ្ណនេះ គឺមិនពិបាកឱ្យក្មួយៗទៅ apply ម្នាក់ម្ដងៗទេ គឺសំណូមពរឱ្យខាងសាកលវិទ្យាល័យដែលមាននិសិត្សប្រឡងជាប់ពីឆ្នាំទី៦ ចូលទៅថ្នាក់អន្តេវាសិក ឬថ្នាក់ឯកទេសរៀបចំបញ្ជីឈ្មោះដែលមានសុពលភាពឱ្យច្បាស់លាស់មក ហើយធ្វើលិខិតទៅគណៈក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដើម្បីត្រួតពិនិត្យនិងសម្រេច។ មួយវិញទៀតការចុះបញ្ជីការសម្រាប់និស្សិតពេទ្យគឺ មិនមានការបង់ប្រាក់ឡើយ ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រួលដល់ការសិក្សា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យ ឡឹម តារា។
មន្រ្តីជាន់ខ្ពស់សុខាភិបាលបន្តថា ការចុះបញ្ជិកានេះធ្វើឡើងដើម្បីធានាថាការអនុវត្តការងាររបស់និស្សិតគឺស្របតាមច្បាប់ និងមានការទទួលស្គាល់ត្រឹមត្រូវ ជៀសវាងបញ្ហានៅពេលមានហានិភ័យវេជ្ជសាស្ត្រកើតឡើង ព្រោះកន្លងមកមានករណីនិស្សិតដែលមិនទាន់មានអាជ្ញាប័ណ្ណ ទៅលួចធ្វើការនៅគ្លីនិកឯកជន រួចបង្កឱ្យមានកំហុសបច្ចេកទេស ឬផលវិបាកដល់អ្នកជំងឺ ដែលនាំឱ្យមានការប្តឹងផ្តល់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រូពេទ្យខ្មែរទាំងមូល។ ការដាក់ចេញនូវវិធានការតឹងរ៉ឹងជាងមុន មិនមែនធ្វើឡើងដើម្បីធ្វើបាបអ្នកប្រកបវិជ្ជាជីវៈនោះទេ ប៉ុន្តែវាគឺជា «កំណែទម្រង់» ចាំបាច់។
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ឱ្យបានពូកែ និងច្បាស់លាស់ទាំងចំណេះដឹងបច្ចេកទេស (Hard Skill) និងជំនាញទន់(Soft Skill) ឱ្យបានខ្លាំងក្លាផងដែរ។ ត្រូវគោរពច្បាប់ និងការទទួលខុសត្រូវខ្ពស់លើរាល់សកម្មភាពរបស់ខ្លួន ជាពិសេសត្រូវរៀនសូត្រពីរបៀបរស់នៅជាគ្រូពេទ្យថ្លៃថ្នូរ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលឈានជើងចូលសាកលវិទ្យាល័យ រហូតដល់ថ្ងៃបញ្ចប់ការងារ មិនមែនរង់ចាំដល់ពេលចេញធ្វើការទើបរៀននោះទេ ដើម្បីចូលរួមលើកកម្ពស់តម្លៃវិជ្ជាជីវៈពេទ្យនៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់៕























