ឧកញ៉ា ស្រ៊ៀត មុំសុភា ត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា
29-04-2026 20:33
(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ត្រូវបានប្រកាសតែងតាំងជា កុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា។ ពិធីនេះធ្វើឡើងដើម្បីបង្ហាញពីការពង្រឹងទំនាក់ទំនងការទូត និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក កាស៊ី ហ្វៃយ៉ាស មួរស៊ីដ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ព្រមទាំង លោកវេជ្ជបណ្ឌិត អ៊ុន ខេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា លោក-លោកស្រីពីសមាគមធុរកិច្ច និងសហគមន៍កម្ពុជា–បង់ក្លាដែស ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ សរុបជាង ២០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧកញ៉ា ស្រ៊ៀត មុំសុភា បានលើកឡើងថា ថ្ងៃនេះមិនត្រឹមតែជាការតែងតាំងជាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូរវាងបង់ក្លាដែស និងកម្ពុជាផងដែរ ដែលជាទំនាក់ទំនងដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ។
ក្នុងនាមជាកុងស៊ុលកិត្តិយស បង់ក្លាដេស ប្រចាំនៅកម្ពុជា លោកស្រីបានបញ្ជាក់ថា បេសកកម្មរបស់លោកស្រីគឺ ពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងស្ថាប័ន, គាំទ្រ និងការពារសហគមន៍បង់ក្លាដែសយ៉ាងសកម្មនៅកម្ពុជា, លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍, កសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវប្បធម៌ឲ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអបអរសាទរជូនចំពោះលោកស្រីឧកញ៉ា ស្រ៊ៀត មុំសុភា ដែលត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសថ្មី និងបានបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ក្នុងការចូលរួមពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន ដោយនេះជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែលនឹងជួយបង្កើនការតភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣មក ដោយគិតមកដល់ឆ្នាំ២០២៦នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕
















