សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និងរដ្ឋមន្រ្តីក្រសួងធម្មការ យាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីបិទវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ ជំនាន់ទី២ វគ្គ១ នៅវត្តសុវណ្ណមុនីសាគរ

29-04-2026 20:41

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានយាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីបិទវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ ជំនាន់ទី២ វគ្គ១ ស្តីពី «ការពង្រឹងអភិបាលកិច្ចសង្ឃ» ដែលរៀបចំឡើងដោយគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្តែត) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសិក្ខាកាម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រីជាថា្នក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសង្កថារបស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង បានបង្ហាញថា ការរៀបចំវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃជំនាន់ទី២ វគ្គ១នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពជាក់លាក់ដល់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តភារកិច្ចការងាររដ្ឋបាល និងការគ្រប់គ្រងកិច្ចការសង្ឃ ទាំងផ្នែកធម៌ វិន័យ និងរដ្ឋបាលសម័យថ្មី ដើម្បីលើកកម្ពស់គុណវុឌ្ឍិ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃអភិបាលកិច្ចសង្ឃ សមស្របទៅនឹងបរិបទសង្គមសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ធានាបាននូវអភិបាលកិច្ច និងការដឹកនាំស្ថាប័នសង្ឃ វត្តអារាម ឱ្យមានប្រសិទ្ធភាព ប្រព័ន្ធភាព ព្រមទាំងភាពសមស្របនឹងការអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ចាយ បូរិន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសម្តេចជាអម្ចាស់ សម្តេច និងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេស ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានធ្វើបទបង្ហាញ ផ្តល់នូវចំណេះដឹងបន្ថែមដល់ព្រះសិក្ខាកាម និងបានសហការឧបត្ថម្ភរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងព្រះសមត្ថភាព ចំណេះ ជំនាញ បទពិសោធ និងជំរុញការអនុវត្ដព្រះករណីយកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព របស់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងការអនុវត្តលិខិតបទដ្ឋាន គោលការណ៍ណែនាំនានា សង្ឃប្រកាសពាក់ព័ន្ធ នឹងការដឹកនាំ ការគ្រប់គ្រងកិច្ចការពុទ្ធសាសនារបស់គណៈសង្ឃ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោករដ្ឋមន្ត្រី មានប្រសាសន៍សង្កត់ធ្ងន់ថា មនុញ្ញផលដែលកើតចេញពីវគ្គបណ្តុះបណ្តាលនេះ និងជួយជំរុញដំណើរការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា សាសនូបត្ថម្ភក៍ សាសនផ្សព្វផ្សាយ សាធារណូបការ និងកិច្ចការសាធារណសង្គ្រោះ ក្នុងវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យរិតតែមានភាពរីកចម្រើនជាភិយ្យោភាព។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនាធានាបាននូវនិរន្តរភាព ក្រសួងធម្មការនិងសាសនា រួមជាមួយនឹងគណៈសង្ឃនាយក បានដាក់ចេញនូវយន្តការជាច្រើន សំដៅដឹកនាំនិងគ្រប់គ្រងវិស័យព្រះពុទ្ធសាសនាខ្មែរឱ្យមានការរីកចម្រើននិងរឹងមាំ ក្នុងនោះក៏មាន អភិក្រម ប ៥ រួមមាន៖
ប-ទី១ បព្វជ្ជា គឺការពង្រឹងយន្តការនៃការបំបួសរបស់ព្រះឧបជ្ឈាយ៍ និងការចូលមកបព្វជ្ជារបស់កុលបុត្រទាំងឡាយនៅក្នុងព្រះពុទ្ធសាសនា ធ្វើយ៉ាងណាឱ្យសង្គតិភាពទៅនឹងពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ដើម្បីរក្សាការពារព្រះពុទ្ធសាសនាមិនឱ្យធ្លាក់ទៅរកឱនភាព។ ប-ទី២ បរិយត្តិ គឺការពង្រឹងការសិក្សារៀនសូធ្យ និងការប្រតិបត្តិនូវ គន្ថធុរៈ គឺការសិក្សាស្វែងយល់នូវព្រះពុទ្ធដីការ និងវិបស្សនាធុរៈ គឺការធ្វើឱ្យជាក់ច្បាស់នូវព្រះពុទ្ធដីការទាំងនោះតាមរយៈការប្រតិបត្តិ។ ក្រៅពីនេះ ក៏ត្រូវចាំបាច់សិក្សានូវលោកបរិយត្តិផងដែរ មានដូចជាច្បាប់ប្រទេស លិខិតបទដ្ឋាន សារាចរណែនាំ សង្ឃប្រកាសនានា គោលការណ៍ណែនាំ និងសុវិជ្ជាផ្សេងៗទៀត ដូចជាការសិក្សាបច្ចេកវិទ្យាជាដើម។ ប-ទី៣ បដិបត្តិ គឺការពង្រឹងការប្រតិបត្តិធម៌វិន័យ និងការពង្រឹងការអនុវត្តតាមច្បាប់ លិខិតបទដ្ឋាន សង្ឃប្រកាស សារាចរណែនាំ ព្រមទាំងគោលការណ៍ណែនាំនានា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់សកម្មភាពអសកម្មនិងអធិករណ៍នៅក្នុងព្រះពុទ្ធសាសនាឱ្យបានជាអតិបរមា។ ប-ទី៤ បដិវេធៈ គឺការបង្កើតឱ្យមានយន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ទៅលើការអនុវត្ត ដើម្បីធានាឱ្យបានលទ្ធផលតាមការរំពឹងទុក បើមានភាពខ្វះខាត ឬខ្វះចន្លោះត្រង់ចំណុចណា ត្រូវកែតម្រូវឱ្យបានល្អទាន់ពេលវេលា។ ប-ទី៥ បព្វាជនីយកម្ម គឺការអនុវត្តទោស ក្នុងករណីរកឃើញមានភាពអសកម្មណាមួយដែលកើតចេញពីការមិនអនុវត្តតាមព្រះវិន័យ ច្បាប់រដ្ឋ លិខិតបទដ្ឋាន សារាចរណែនាំ សង្ឃប្រកាសនានា និងតួនាទីភារកិច្ច ដែលបានកំណត់រួចហើយនោះ ព្រះមន្ត្រីសង្ឃ ដែលមានតួនាទីដឹកនាំគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការវះកាត់តាមរយៈ ១.ដាស់តឿន ២.ដកតួនាទី ៣.ដាក់ទណ្ឌកម្ម ៤.ដេញចោល ឬផ្សឹកចោល។ ការអនុវត្តវិធានការនេះ គឺមិនត្រឹមតែលុបបំបាត់នូវភាពអសកម្ម និងទប់ស្កាត់អលជ្ជីបុគ្គល ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាបាននូវប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចសង្ឃ ធ្វើឱ្យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្វាយ ប្រគេននូវទស្សនទានមួយចំនួនរួមមាន៖
១. ព្រះធម៌វិន័យ គឺជាគ្រឹះដំបូង និងសំខាន់បំផុតសម្រាប់ការតាំងនៅស្ថិតស្ថេររបស់ព្រះពុទ្ធសាសនា ដូច្នេះនៅក្នុងអង្គប្រកបនៃការកសាងអភិបាលកិច្ចសង្ឃ ពិតជាមិនអាចកាត់ផ្តាច់ពី «ព្រះធម៌ វិន័យ» បានឡើយ។ ការណ៍នេះ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវយកព្រះទ័យទុកដាក់គោរពឱ្យបានម៉ឺងម៉ាត់នូវពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ ។
២. នៅក្នុងយុគសម័យដែលព័ត៌មានរីករាលដាលលឿន សកម្មភាពមិនសមរម្យរបស់ភិក្ខុ-សាមណេរតែមួយអង្គ អាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាទាំងមូល។ ដូច្នេះ ការពង្រឹងអភិបាលកិច្ចសង្ឃ តាមរយៈការត្រួតពិនិត្យ និងការអប់រំទូន្មានតាមគន្លងព្រះវិន័យ គឺជាកិច្ចការអាទិភាព និងបន្ទាន់បំផុត។

៣. សម្រាប់ការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិវត្តអារាម៖ ដើម្បីធានាបាននូវអភិបាលកិច្ចល្អ ទាមទារឱ្យមានតម្លាភាពក្នុងការគ្រប់គ្រងបច្ច័យ និងទ្រព្យសម្បត្តិសាសនា ដោយត្រូវរៀបចំបញ្ជីសារពើភណ្ឌដីធ្លី និងថវិកាវត្តឱ្យមានរបៀបរៀបរយ ដើម្បីបញ្ជៀសកុំឱ្យកើតមានវិវាទ។

៤. ក្នុងសម័យឌីជីថល អភិបាលកិច្ចសង្ឃត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយព្រះធម៌ និងការអប់រំ។ ដូច្នេះត្រូវបណ្តុះបណ្តាលព្រះសង្ឃឱ្យមានចំណេះជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងមតិអវិជ្ជមាន និងត្រូវចេះប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីអប់រំដល់ពុទ្ធបរិស័ទ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ចាយ បូរិន បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គ្រូឧទ្ទេស លោក លោកស្រី លោកយាយ លោកតា និងអង្គពិធីទាំងមូល សូមបានសមប្រកបដោយពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីប្រែក្លាយទៅជាប្រការដទៃឡើយ៕