លោកបណ្ឌិត កៅ ថាច និងអភិបាលខេត្តស្វាយរៀង ជំរុញការអភិវឌ្ឍន៍សហគ្រិនភាព និងការសម្រេចចិត្តលើការវិនិយោគនាពេលអនាគត ដើម្បីចូលរួមកសាងនិងអភិវឌ្ឍសង្គមជាតិ
29-04-2026 20:36
(ស្វាយរៀង)៖ លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនិងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណកម្មាធិការកណ្តាលនិងជាអនុប្រធានគណកម្មាធិការបក្សខេត្ត បានអញ្ជើញថ្លែងសន្ទរកថាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត និងជំរុញការអភិវឌ្ឍន៍សហគ្រិនវ័យក្មេងនៅក្នុងខេត្តស្វាយរៀង។
ពិធីនេះ រៀបចំនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង ដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមផងដែរពី ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ ១៥០នាក់។
នៅក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានគណកម្មាធិការគណបក្សខេត្តស្វាយរៀងបានមានប្រសាសន៍ថា«សហគ្រិនយើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគនៅក្នុងស្រុកនិងតំបន់ ដែលរួមចំណែក បង្កើតការងារ បង្កើនប្រាក់ចំណូល មុខរបរនិងបង្កើតភាពធន់ ជាពិសេស ក្នុងខេត្តស្វាយរៀងជាខេត្តមួយធ្លាប់ជាតំបន់សមរភូមិ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់វិនិយោគនិងឧស្សាហកម្ម»។
លោកអភិបាលខេត្តបានបន្ថែមថា តាមរយៈសិក្ខាសិលាថ្ងៃនេះ នឹងផ្តល់ជាធាតុចូលមួយសំខាន់បន្ថែមច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍអាជីវកម្មរបស់បងប្អូនជាសហគ្រិនវ័យក្មេងរបស់យើងឲ្យកាន់តែរីកចម្រើនផងដែរ។
បន្ទាប់ពីមានការឡើងធ្វើបទបង្ហាញពីកាលានុវត្តភាពការវិនិយោគនៅកម្ពុជានិងបង្ហាញអំពីនិន្នាការនៃលំហូរទុនវិនិយោគពីបរទេស(FDI)ក៏ដូចជាភូមិសាស្រ្ត ការវិនិយោគនៅខេត្តស្វាយរៀង ដោយ លោក ហៀន សូប៉ូលីន រួចមក លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត សម្រាប់ផ្តល់ឱកាសដល់សហគ្រិនវ័យក្មេង ពិនិត្យ និងសម្រេចចិត្តលើការវិនិយោគសម្រាប់ពេលអនាគត សំដៅចូលរួមចំណែកយ៉ាងធំ ក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
បន្ថែមពីនេះ លោកបណ្ឌិតបានចែករំលែកដល់សហគ្រិនវ័យក្មេងនៅខេត្តស្វាយរៀងថា ការវិនិយោគសម្រាប់អនាគត គឺ ការវិនិយោគដែលទទួលបានផលចំណេញ២គឺទី(១) ផលចំណេញផ្នែកហិរញ្ញវត្ថុ (២)ផលចំណេញផ្នែកសង្គម-social benefit។ ជាឧទាហរណ៍ ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលើសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិក នឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយទៀត។
លើសពីនេះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើនូវសារសម្រាប់ការចងចាំមួយឃ្លាថា «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង»៕




























