អភិបាលបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានផ្នែកនយោបាយនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅមណ្ឌលជនភៀសសឹក
29-04-2026 20:45
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងមណ្ឌលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នស្ថិតក្នុងភូមិស្លក្រាម ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នៅក្នុងជំនួបទទួលស្វាគមន៍លោកស្រី រ៉ូណា រ៉ាធោទ, លោក អ៊ុំ រាត្រី ប្រាប់ពីស្ថានភាពទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង ១៥៣គ.ម ហើយក៏ជាខេត្តដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមឈ្លានពានរបស់ភាគីថៃទាំងពីរលើក ដែលធ្វើឱ្យមានមហន្តរាយប៉ះពាល់ខូចខាតលើទិដ្ឋភាពជាច្រើន ដូចជា ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធទឹក អគ្គីសនី សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្ទះសម្បែង ទីតាំងអាជីវកម្ម ដីលំនៅដ្ឋាន និងដីបង្កបង្កើនផល ព្រមទាំង មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។
ជាងនេះទៀតបានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង ភូមិចំនួន៦ភូមិ ក្នុងនោះ ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំបន្ទាយឆ្នារ ស្រុកថ្មពួក ដែលភូមិទាំងអស់នេះត្រូវបានទាហានថៃដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធបន្តគ្រប់គ្រង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់គោលការណ៍ឱ្យក្រុមការងារចំពោះកិច្ចរៀបចំជំរកបណ្តោះអាសន្ន ដែលមានលក្ខណៈប្រសើរជាងមុន ដោយផ្តល់ដីទំហំ២០មx៣០មក្នុងមួយគ្រួសារ លើផ្ទៃដីសរុបចំនួន៤០០ហ.ត ដើម្បីសង់ផ្ទះជូនស្នាក់នៅបណ្តោះអាសន្ន។
បន្ទាប់ពីបានស្ដាប់ការរាយការណ៍សង្ខេបរបស់អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដោតសំខាន់ទៅលើ កត្តាថែរក្សាសន្តិភាព និងឱ្យបទឈប់បាញ់យូអង្វែងតាមបណ្តោយព្រំដែន។ ហើយលោកស្រីបានពិភាក្សាជាមួយក្រុមAOT ពីកត្តាសន្តិភាពសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាអាស៊ានមួយនេះ ជួយដល់ក្រុមAOTនៅក្នុងការជួយដល់ការងាររបស់ក្រុមAOT ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។
លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) បានលើកឡើងថា តាំងពីមុនមកសហរដ្ឋអាមេរិកក៏បានជួយក្នុងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសលពីសម័យសង្គ្រាមនៅតាមស្រែចម្ការរបស់ប្អូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាដើម។
បច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏មានថវិកាមួយចំនួន សម្រាប់ដល់តំបន់ដែលរងផលប៉ះពាល់នាពេលថ្មីៗនេះ ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ដែលនឹងផ្តល់ជំនួយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)៕














