ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ជ្រាបការយល់ដឹងពី«កិច្ចការពារទិន្នន័យបុគ្គល»ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពក្រោមឱវាទ
29-04-2026 21:16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ក្នុងគោលដៅពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ដល់មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. អំពីសារៈសំខាន់ និងគោលការណ៍គ្រឹះនៃកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោក គង់ ផល្លៈ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានអ្នកចូលរួម ប្រមាណ ១៥០ នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា គង់ ផល្លៈ បានលើកឡើងថា បរិវត្តកម្មឌីជីថលទាមទារឱ្យមន្ត្រីរាជការត្រូវតែផ្លាស់ប្តូរផ្នត់គំនិត និងខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង«កិច្ចការពារទិន្នន័យបុគ្គល» ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល។ ក្នុងនោះដែរ វគ្គបណ្តុះបណ្តាលនឹងផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៣ ដែលបង្ហាញដោយវាគ្មិនជំនាញរួមមាន៖ (១). ទិន្នន័យបុគ្គល និងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល (២). ប្រធានទិន្នន័យ និងសិទ្ធិរបស់ប្រធានទិន្នន័យ និង (៣). បុគ្គលគ្រប់គ្រងទិន្នន័យ និងបុគ្គលធ្វើប្រព្រឹត្តកម្មទិន្នន័យ។
លោក ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ថា«កិច្ចការពារទិន្នន័យបុគ្គល គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយចីរភាព។ ដូច្នេះ យើងត្រូវស្វែងរកតុល្យភាពឱ្យបានត្រឹមត្រូវ រវាងការការពារទិន្នន័យ និងការជំរុញនវានុវត្ត ដោយការការពារខ្លាំងពេកអាចបង្ករាំងស្ទះដល់ការច្នៃប្រឌិត ខណៈការការពារខ្សោយអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន»។
លោក លើកទឹកដល់មន្ត្រីរាជការដែលបានរៀនសូត្រថ្ងៃនេះ ក្លាយជាគំរូល្អក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយទំនុកចិត្ត និងផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការពារទិន្នន័យបុគ្គល ដោយអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការប្រើប្រាស់ ការរក្សាទុក ការចែករំលែក និងការគ្រប់គ្រងទិន្នន័យ៕













