អាជ្ញាធរចុះបង្ក្រាបកន្លែងចម្រាញ់រ៉ែមាស នៅស្រុកគាស់ក្រឡ ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ

29-04-2026 21:31

(បាត់ដំបង)៖ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានបំបែកកន្លែងចម្រាញ់រ៉ែមាស​ខុស​ច្បាប់មួយកន្លែងនៅភូមិបន្ទាយចា ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ កន្លែង​ច​ម្រាញ់រ៉ែមាសនេះ បានធ្វើសកម្មភាពយូរហើយ តែមិនបានរំខានដល់មេភូមិ មេឃុំ ឬ​មេ​ស្រុកនោះទេ។

កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ បានស្នើមកកាន់ Fresh News ជួយផ្សាយរឿងក្លិនស្អុយចេញពីកន្លែងចម្រាញ់រ៉ែមាសស្ថិតនៅ​ទីតាំង​ខាង​​លើបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីព័ត៌មានត្រូវបានផ្សាយចេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ នៃ​មន្ទីរ​បរិស្ថានខេត្តបាត់ដំបង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ព្រមទាំង​អាជ្ញាធរមូលដ្ឋានមានមន្ត្រីសាលាឃុំឆ្នាល់មាន់ អភិបាលរងស្រុកគាស់ក្រឡ បាន​ចុះត្រួត​ពិនិត្យទីតាំងចម្រាញ់រ៉ែមាសខាងលើ។

ពេលចុះទៅ គឺពិតជាបានរកឃើញកន្លែងចម្រាញ់រ៉ែមាសដែលគ្មានច្បាប់អនុញ្ញាតនោះ​ម្ចាស់ទីតាំងមានឈ្មោះ ណែត សំណាង។

ក្រោយឃើញបែបនោះ អាជ្ញាធរមិនបានចាត់វិធានការច្បាប់អ្វីនោះទេ គឺគ្រាន់តែណែនាំ​ម្ចាស់ទីតាំង និងបញ្ឈប់សកម្មភាពចម្រាញ់រ៉ែមាស ហើយណែនាំឱ្យធ្វើកិច្ច​សន្យា​បញ្ឈប់​សកម្មភាព និងឱ្យរុះរើឧបករណ៍កែច្នៃរ៉ែមាសនោះ។

ក្រុមការងារក៏បានណែនាំឱ្យសំអាតសារធាតុគីមី ដែលអាចបណ្ដាលឱ្យមានផល​ប៉ះពាល់​ដល់មនុស្ស សត្វ រុក្ខជាតិ នៅជុំវិញទីនោះ តាមលក្ខណៈបច្ចេកទេស ក្នុងរយៈពេលមួយ​សប្តាហ៍ជាកំហិត។

ពាក់ព័ន្ធនឹងសកម្មភាពលួចចម្រាញ់រ៉ែមាសបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ។ ប្រជាពលរដ្ឋបានដាក់ជាចម្ងល់ថា បើតាមប្រជាពលរដ្ឋសកម្មភាពចម្រាញ់រ៉ែមាសនេះ មានសកម្មភាពយូរហើយ ហេតុអ្វីអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ មេឃុំ និងអភិបាលស្រុកមិនដឹងនូវសកម្មភាពនេះ?