ក្រសួងមុខងារសាធារណៈ រៀបចំវេទិកាកែទម្រង់លើកទី២ ដើម្បីផ្សព្វផ្សាយឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈ និងតម្លាភាពក្នុងការជ្រើសរើសមន្ត្រីរាជការ

29-04-2026 21:38

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាភូមិន្ទរដ្ឋបាល សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» ក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងសាធារណជនជាច្រើនរូប។

ថ្លែងក្នុងពិធីបើកវេទិកា លោក យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។

លោកបន្ដថា ការកែទម្រង់នេះ អនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដោយរាល់ដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ដើម្បីធានាទំនុកចិត្តខ្ពស់។

ជាលទ្ធផលជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ ក្រសួងបានរៀបចំការប្រឡងចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន១០ ដោយមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងបន្តរៀបចំការប្រឡងសម្រាប់ស្ថាប័នចំនួន៤បន្ថែមទៀត រួមមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។

វេទិកានាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងចម្បងចំនួន៣ គឺ១៖ ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សាធារណជន, ២៖ ផ្សព្វផ្សាយពីវឌ្ឍនភាពនៃការកែទម្រង់ និង៣៖ បើកឱកាសប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកទៅកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នាពេលអនាគត៕