ឧកញ៉ា តែ តាំងប៉ ដឹកនាំ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ).

30-04-2026 08:48

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ "គ" ផ្នែកឯកជន​។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធាន សមាជិកសមាជិកា និងលេខាធិការដ្ឋានសម្របសម្រួលនៃ ក្រុមការងារ«គ» ផ្នែកឯកជន, និងមានការចូលរួមពី តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា, តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា, តំណាងសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ និងតំណាងក្រុមហ៊ុនឯកជន ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលបានទទួលពីកិច្ចប្រជុំកន្លងមក ក៏ដូចជាបន្តទទូលយកនូវបញ្ហាប្រឈមថ្មីៗ របស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា។ បន្ទាប់ពីកិច្ចប្រជុំផ្នែកឯកាជនរួចរាល់ លេខាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា នឹងត្រៀមរៀបចំបញ្ហាប្រឈមនិងសំណើ ទាំងនោះ ដាក់ស្នើសុំការឆ្លើយតប និងដោះស្រាយ ក្នុងកិច្ចប្រជុំភាពជាដៃគូនៃក្រុមការរងារ "គ" ដែលមានសហប្រធានទាំងពីរ រួមមានតំណាងផ្នែកឯកជន គឺសភាពាណិជ្ជកម្មកម្ពុជា និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ តំណាងរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា លើបញ្ហាប្រឈមដែលនៅសេសសល់ និងទទួលនៅបញ្ហាប្រឈម សំណើសំណូមពរ ដែលជាកង្វល់ ថ្មីៗមួយចំនួនបន្ថែមទៀតរួមមាន៖ ១. បញ្ហានៃការជាប់ពន្ធលើអចនលវត្ថុ, ២. ពន្ធលើការផ្សព្វផ្សាយលើផលិតផលខ្មែរ, ៣. គុណភាព និងអនុលោមភាពស្តង់ដារផលិតផល, ៤. បញ្ហានៃការស្នើសុំបើកគណនីធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម (SMEs), ៥.​ បញ្ហានៃការចុះបញ្ជីការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:១៥នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា៕