ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំវិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥
30-04-2026 10:10
(កំពត)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំវិបស្សនា ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ សំដៅបូកសរុបសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអាទិភាពសម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធាន គ.យ.ប., លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, សមាជិក គ.យ.ប. ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, អគ្គលេខាធិការដ្ឋាន គ.យ.ប. និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ នៅសណ្ឋាគារ Castle Bayview ខេត្តកំពត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា វិបស្សនារបស់យើងនាថ្ងៃនេះ គឺដើម្បីធ្វើការជជែកពិភាក្សា ដោយស្មោះត្រង់ក្នុងន័យស្ថាបនា លើការវាស់វែងនិងការវាយតម្លៃរួមលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាដើម្បីប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធលើសេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា របាយការណ៍នេះឆ្លុះបញ្ចាំងនូវទិដ្ឋភាពរួមនៃលទ្ធផលជាក់ស្តែង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាំងមូល ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថានភាពវិវត្តនៃប្រទេសជាតិគ្រប់វិស័យ ហានិភ័យ បញ្ហាប្រឈមធំៗ និងសេសសល់ដែលត្រូវដោះស្រាយ ព្រមទាំងអនុសាសន៍តម្រង់ទិសសម្រាប់ជាប្រយោជន៍ដល់ការអនុវត្តទាំងចំពោះមុខ និងទាំងរយៈពេលមធ្យម ពិសេសនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។
ក្នុងបរិការណ៍សកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ព្រមទាំងមានភាពមិនប្រាកដប្រជា ដែលអាចជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងរយៈពេល ប៉ុន្មានខែដើមឆ្នាំ២០២៦នេះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ថា ទោះបីអត្រាសម្រេចបាននៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនក្នុងឆ្នាំ២០២៥ មានកម្រិតខ្ពស់ យើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានម៉ត់ចត់ ដើម្បីធានាថាការវាស់វែងសមិទ្ធផលមានភាពត្រឹមត្រូវ តុល្យភាព និងឆ្លុះបញ្ចាំងតថភាពពិតនៃការវិវត្តសង្គម-សេដ្ឋកិច្ចនាពេលថ្មីៗនេះ។ បន្ថែមលើនេះ ជាមួយនឹងបុរេលក្ខខណ្ឌនៃកង្វះទិន្នន័យ ដែលបណ្ដាលឱ្យសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួន មិនទាន់ឯកភាព ឬមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ព្រមទាំងមិនអាចវាយតម្លៃនូវស្ថានភាពនៃវិស័យជាក់លាក់មួយចំនួន, យើងត្រូវចូលរួមជាមួយគ្នាទាំងដៃគូអភិវឌ្ឍន៍ អ្នកអនុវត្តន៍ អ្នកជំនាញ និងភាគីពាក់ព័ន្ធដើម្បីកែលម្អសេចក្ដីព្រាងរបាយការណ៍នេះឱ្យឆ្លើយតបនឹងភាពជាក់ស្តែង និងមានអត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលសម្រេចបានជាច្រើនលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានរួមមាន៖ កំណើន សេដ្ឋកិច្ច សន្តិសុខនិងយុត្តិធម៌សង្គម ភាពក្រីក្រ គ្រោះ មហន្តរាយ មុខងារសាធារណៈ ការអប់រំ សុខាភិបាល គាំពារសង្គម ការងារ ការវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាស ធុនតូច និងមធ្យម និងកសិកម្មជាដើម។ ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលក្រសួង ស្ថាប័នបានជួបប្រទះ ដូចជាកង្វះកិច្ចសហការរវាងគ្នា នឹងគ្នា, កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេក ទេស។ល។ លទ្ធផលនៃកិច្ចការតាមដាន និងត្រួតពិនិត្យនេះ គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់រាជរដ្ឋាភិបាលនីតិកាល ទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និង សមិទ្ធកម្មរបស់ ក្រសួង ស្ថាប័ន ក៏ដូចជាគណនីភាពនៃក្រសួងស្ថាប័នក្នុងការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និង វិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលរារាំងដល់កំណើនសេដ្ឋកិច្ច ពោលគឺការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងជាពិសេសសង្គ្រាមនៅអ៉ីរ៉ង់ ដែលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈជាដើម។ ការណ៍នេះ ទាមទារឱ្យមានការបន្តកសាងសមត្ថភាពផ្ទៃក្នុង ដាក់ចេញគោលនយោបាយសមស្រប និងពង្រឹងការអនុវត្តវិធានការគន្លឹះ ក្នុងន័យអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងសម្ពាធខាងក្រៅ និងទប់ទល់នឹងភាពមិនប្រាកដប្រជាទាំងក្នុងតំបន់ និងពិភពលោក។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានចូលរួមផ្តល់ជាអនុសាសន៍ និងបានផ្តល់ជាធាតុចូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។
ជាចុងក្រោយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំ និងប្រមូលទិន្នន័យបន្ថែមដែលខ្វះចន្លោះក្នុងន័យគាំទ្រដល់ការតាមដានវឌ្ឍនភាពជាក់ស្ដែងនៃសូចនាករសមិទ្ធកម្មគន្លឹះនីមួយៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ៕
















