ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលរងស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលរងស្រុករវៀង ខេត្តព្រះវិហារ

30-04-2026 13:42

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលស្រុករវៀង ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ និងអនុវត្តតាមគោលការណ៍ច្បាប់ឱ្យបានតឹងរឹង ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ការថ្លែងរបស់លោក អ៊ុក គឹមសាន បែបនេះក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុករវៀង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក អ៊ុក គឹមសាន បានថ្លែងថា ការផ្ទេរភារកិច្ចមន្ត្រី គឺជាដំណើរការធម្មតានៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការបន្តនិរន្តរភាពក្នុងការបម្រើប្រជាពលរដ្ឋ។

លោកបានថ្លែងចូលរួមអបអរសាទរចំពោះលោកស្រី ឈៀង សួគ៌ា អតីតអភិបាលរងស្រុកត្បែងមានជ័យ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាអភិបាលរងស្រុករវៀងនាពេលនេះ ជាមួយនឹងការណែនាំបន្ថែមដល់លោកស្រីអភិបាលរងស្រុកថ្មី សូមបន្តខិតខំបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

អភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកឡើងថា «ការងាររដ្ឋបាលមូលដ្ឋាន គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូច្នេះត្រូវមានការសហការល្អ រវាងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា»

ពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដោយត្រូវលុបបំបាត់ឱ្យអស់ក្រុមក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលស្រុករវៀង ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ និងអនុវត្តតាមគោលការណ៍ ច្បាប់ឱ្យបានតឹងរឹង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕