UPDATE: ឃាត់ខ្លួនមនុស្សជាង ២០០នាក់ នៅត្រពាំងផ្លុង ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារ សង្ស័យមានបទល្មើស Scam Online
30-04-2026 13:45
(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំចម្រុះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានរកឃើញទីតាំងមួយកន្លែង ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់ ស្រី៣៩នាក់ ក្នុងនោះមានជនជាតិចិន១៩២នាក់ ស្រី២៤នាក់ ជនជាតិមីយ៉ាន់ម៉ា ស្រី០៣នាក់ ជនជាតិវៀតណាម១០នាក់ ស្រី០៧នាក់ និងជនជាតិខ្មែរ០៧នាក់ ស្រី០៥នាក់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស និងអ្នកដែលមិនជាប់ពាក់ព័ន្ធ ព្រមទាំងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បន្តទៀត៕














