គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាល ប.ស.ស. ចុះសិក្សាស្វែងយល់ពីយន្តការវិនិយោគនៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា
30-04-2026 14:28
(ភ្នំពេញ)៖ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធនៃការគ្រប់គ្រងការវិនិយោគ និងកាលានុវត្តភាពសម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។
លោក ហ៊ីវ រស្មី បានបញ្ជាក់ថា បទពិសោធ និងបច្ចេកទេស ដែលទទួលបានពីស្ថាប័នកំពូលទាំងពីរនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ និងសម្រេចចិត្តលើផែនការវិនិយោគឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនកម្មករ និយោជិត និងមន្ត្រីសាធារណៈដែលជាសមាជិក ប.ស.ស. ទាំងអស់។
ក្នុងដំណើរទស្សនកិច្ចនៅធនាគារជាតិនៃកម្ពុជា គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក គឹមទី កោមលី អគ្គនាយកប្រតិបត្តិការ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាបច្ចេកទេស រួមមានយន្តការគ្រប់គ្រងទុនបម្រុងវិនិយោគ ការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ ការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល និងការគ្រប់គ្រងហានិភ័យឱ្យបានច្បាស់លាស់។
ដោយឡែក ក្នុងជំនួបជាមួយ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នាវេលារសៀលថ្ងៃដដែល អ្នកជំនាញបានបង្ហាញអំពីវឌ្ឍនភាពនៃទីផ្សារមូលបត្រកម្ពុជា កាលានុវត្តភាពវិនិយោគ ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគនានាសម្រាប់មូលនិធិសន្តិសុខសង្គម៕













