ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, តំណាងយូណេស្កូប្រចាំនៅកម្ពុជា អះអាងថានឹងសហការជួយជួសជុលប្រាសាទព្រះវិហារ ដែលត្រូវគ្រាប់កាំភ្លើងថៃបំផ្លាញ

30-04-2026 15:00

(ភ្នំពេញ)៖ តាមរយៈជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា (UNESCO) បានសម្ដែងការសោកស្ដាយ និងក្រៀមក្រំនៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ត្រូវបានបំផ្លាញជាពិសេស គឺប្រាសាទព្រះវិហារតែម្ដង ដោយលោកអះអាងថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុល និងស្ដារនូវការខូចខាត នៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។

ការលើកឡើងរបស់តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ អំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈសង្គ្រាមកម្ពុជា និងថៃ ហើយសម្ដេចបានប្រាប់ទៅតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។

ក្រៅពីការលើកឡើងខាងលើ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះអង្គការយូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជា នៅពេលកន្លងមក។ សម្ដេចសង្ឃឹមថា ក្នុងបេសកកម្មរបស់តំណាងអង្គការយូណេស្កូនៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូ កាន់តែរឹងមាំបន្ថែមទៀត។

លោក Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើង នូវទំនាក់ទំនងរវាងកម្ពុជា និង UNESCO លោកលើកឡើងថា ជាទំនាក់ទំនងដ៏រឹងមាំ និងជ្រាលជ្រៅ ព្រមទាំងបានបញ្ជាក់ថា អង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Flavio Bonetti ហើយក៏បានពិភាក្សាជាមួយលោក ទាក់ទងទៅនឹងកត្តាសំខាន់ៗ មួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងឲ្យបន្តនូវការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឲ្យកម្ពុជាខ្លាំង ត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំង ហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។

សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងអំពីការវិវត្ត នៃវិស័យអប់រំកម្ពុជា ចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះ ដែលយើងបានរីកចម្រើន ក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់ ក្នុងនោះសម្ដេច ក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្ស និងបន្តជួយគាំទ្របន្ថែមទៀត ក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយ និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។

តំណាងអង្គការយូណេស្កូ ក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ និងបានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយស្ថាប័ន ដែលជាសេនាធិការរបស់រដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ក្នុងការពង្រឹងបន្ថែមទៀត នៅក្នុងវិស័យអប់រំកម្ពុជា។

បន្ថែមពីលើនេះ លោកក៏បានលើកឡើងអំពីការបន្តការគាំទ្រ ចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបី និងអរូបី ហើយនិងបន្តជួយដល់កម្ពុជា ក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀត ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៕