អង្គការសហប្រជាតិ រង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (Video inside)
30-04-2026 16:00
(ភ្នំពេញ)៖ យោងតាមប្រសាសន៍អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ, លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលបានតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថាអង្គការសហប្រជាតិ រង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ការបញ្ជាក់របស់លោកស្រី បានធ្វើឡើងនាឱកាសដែលលោកស្រី ចូលជួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
អ្នកនាំពាក្យរូបនេះ បានថ្លែងថា សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកស្រី Vladanka Andreeva និងសហការី ដោយសង្ឃឹមថាវត្តមានរបស់លោកស្រី នឹងញ៉ាំងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងអង្គការសហប្រជាតិ ឱ្យកាន់តែរីកចម្រើនបន្តទៀត
នាឱកាសនោះដែរ លោកស្រី Vladanka Andreeva បានសម្ដែងនូវអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតជូនលោកស្រី និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកស្រី បានលើកឡើងថា កម្ពុជានិងអង្គការសហប្រជាជាតិ មានទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំជាមួយគ្នានាពេលកន្លងមក។
តាមប្រសាសន៍របស់អ្នកនាំពាក្យ, លោកស្រី ក៏បានបញ្ជាក់នៅមុខ សម្ដេចតេជោ ថា «អង្គការសហប្រជាតិរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
សូមជម្រាបថា កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយមានចំណូលមធ្យមសម្រាប់មនុស្សម្នាក់ប្រមាណ ៤,០០០ ដុល្លារអាមេរិក ខណៈដែលចំណូលមធ្យមប៉ាន់ស្មាននៅឆ្នាំ២០២៤ គឺ ២,០៧១ដុល្លារ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពគន្លឹះចំនួន ៥ ។ ការប្រែក្លាយនេះ ត្រូវបានរំពឹងថានឹងកាត់បន្ថយអត្រាភាពក្រីក្រ និងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ៕












