មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំសង្កាត់ មានសុវត្ថិភាពប្រចាំត្រីមាសទី១ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តរតនគិរី

30-04-2026 16:08

(រតនគិរី)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំសង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត របស់រដ្ឋបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នា ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកន្លងទៅថ្មីៗនេះ ប្រកបដោយសុខ សុវត្ថិភាព ជាពិសេសការរៀបចំសង្ក្រាន្ត នៅគ្រប់មូលដ្ឋាន ញ៉ាំងបរិយាកាសសប្បាយរីករាយដល់ប្រជាជនលេងកម្សាន្ត ស្របតាមប្រពៃណីជាតិខ្មែរ។

សមិទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លងមកនេះ បានស្តែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែ​ង​ ក្នុង​​ការអនុវត្តនូវតួនាទី ភារកិច្ចដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរសកម្ម នៃអ្នកពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចបាននូវគោលដៅរួមរបស់មូលដ្ឋាន។ ជាលទ្ធផលចលនា នៃការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការរៀបចំវេទិកាសាធារណៈ ចលនាប្រជាការពារ និងការផ្តល់សេវានានានៅតាមមូលដ្ឋានមានការកើនឡើង គួរឲ្យកត់សម្គាល់។

ដោយឡែកបទល្មើសគ្រប់ប្រភេទ ត្រូវបានយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្ក្រាបពីកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ បានធ្វើឲ្យបទល្មើសមួយចំនួនមានការថយចុះជាលំដាប់។ លទ្ធផលទាំងនេះ គឺជាការ​ចូល​រួម​ចំណែ​កដ៏​ធំធេងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់កំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ ប្រជាការពារ ព្រមទាំងមានការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្ត ដែលបានខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ លោក ប៉ាវ ហមផាន បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

លោកក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្ត ឲ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។

លោក ប៉ាវ ហមផាន ក៏បានប្រគល់លិខិតសរសើរ និងថវិកា ជូនដល់ ឃុំ សង្កាត់របស់រដ្ឋបាលក្រុង-ស្រុកមួយចំនួន ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព រយៈពេល១ត្រីមាសកន្លងមកនេះផងដែរ៕