សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាសឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា»

30-04-2026 16:21

(ភ្នំពេញ)៖ ព្រឹទ្ធសភា ចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាសឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ពិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie - APF) មកពី១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិ។

សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសភា ដោយផ្តោតលើប្រធានបទ ចំនួន៤ រួមមាន ១៖ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត៖ ស្ថានភាព និងកាលានុវត្តភាព, ២៖ តួនាទីសមាជិក សភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, ៣៖ បទប្បញ្ញត្តិ និងក្របខ័ណ្ឌនីតិកម្ម នៃបញ្ញាសិប្បនិម្មិត, និង៤៖ ការទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់កិច្ចការសភា។ ទន្ទឹមនេះដែរ កិច្ចប្រជុំគណៈកម្មការនយោបាយ APF នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»

កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស, ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង, បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ, ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានាដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។

ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ គណៈប្រតិភូនៃសភាប្រើភាសាបារាំង នឹងធ្វើទស្សនកិច្ចវប្បធម៌ និង ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរវត្ត និងសារមន្ទីរតេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន នៅ ខេត្តសៀមរាប៕