កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្ត Online Scams នៅខណ្ឌចំការមន តែមិនមានបទល្មើស, រកឃើញជនបរទេស៥នាក់ ស្នាក់នៅខុសច្បាប់

30-04-2026 16:53

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងគារស្នាក់នៅមួយកន្លែង សម្រាប់ជួលឲ្យបុគ្គលិកក្លឹបកម្សាន្ដទីក្រុងលើមេឃស្នាក់នៅ កម្ពស់៦ជាន់ ស្មើនឹង២៣៤បន្ទប់នៅខណ្ឌចំការមាន។

ប្រតិបត្តិការនេះក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក ហួត ហៃ អភិបាលរងរាជធានីស្តីទី និងលោក ហ៊ុន សុរិទ្ធី អភិបាលរង, លោក ឯក ឃុនឌឿន អភិបាលរង, លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរង, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមន្រ្តីអាវុធហត្ថ។

ជាលទ្ធផល នៃការត្រួតពិនិត្យសមត្ថកិច្ចជំនាញ បានរកឃើញមានមនុស្សស្នាក់នៅសរុបចំនួន៧៤នាក់ ស្រី២១នាក់ ៣សញ្ជាតិ ក្នុងនោះមាន៖ ជនជាតិខ្មែរ ចំនួន៣៥នាក់ ស្រី១៣នាក់, ជនជាតិចិន ៣៣នាក់ ស្រី៨នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់។

ក្នុងនោះ អាជ្ញាធរបានរកឃើញថា មានជនជាតិចិនចំនួន៥នាក់ ស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន ក្រៅពីនោះជនបរទេសផ្សេងទៀត ដែលកំពុងស្នាក់នៅទីតាំងខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការ​ត្រឹមត្រូវ ហើយពុំ​រកឃើញមានមនុស្ស ឬសម្ភារពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។

បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕