សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកលោក Pham Van Tra អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់ ដែលធ្លាប់ចូលរួមរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត (Video inside)
30-04-2026 16:48
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកលោក Pham Van Tra ជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់ចូលរួមរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលសម្ដេចបានជួបជាមួយនឹងលោក Pham Van Tra សារជាថ្មីម្ដងទៀត។
សម្ដេចបានចាត់ទុកលោកគឺជាមិត្តចាស់របស់កម្ពុជា ជាពិសេសលោកបានចូលរួមចំណែកកន្លងមក ក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។
ក្នុងឱកាសនោះ លោក Pham Van Tra បានសម្ដែងនូវក្តីរីករាយ ដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។
លោកបានលើកឡើងថា ដំណើររបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះគឺមានពីរសំខាន់៖
ទី១) គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដង ដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមក និងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា
ទី២) លោកចង់មើលនូវទីតាំងមួយចំនួន ដែលជាអនុស្សាវរីយ៍ ដែលលោកធ្លាប់សហការជាមួយនឹងកម្ពុជា នៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាឱកាសនេះ សម្ដេចតេជោក៏បានអញ្ជើញលោក Pham Van Tra ទទួលទានអាហារថ្ងៃត្រង់មួយពេល ក្នុងបរិយាកាសរីករាយទៀតផង៕

















