ការបកស្រាយរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចំពោះសំណួរររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ Sihasak Phuangketkeow នៅប្រទេសព្រុយណេ

30-04-2026 17:01

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានី បានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។ ខាងក្រោមនេះជាការដកស្រង់នូវខ្លឹមសារមួយចំនួននៃចម្លើយរបស់ ឧបនាយករដ្ឋមន្ត្រីតបទៅនឹង សំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងជំនួបនេះ។

សំណួរទី១៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយនឹង ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសថៃ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។ តើឯកឧត្តមទាំងពីរបានជជែកពិភាក្សាគ្នាអំពីបញ្ហាអ្វីខ្លះ?

ចម្លើយ៖ ការជួបគ្នានេះគឺជាការបន្តពីការជួបគ្នាលើកមុនៗ ដើម្បីស្វែងរកនូវវិធីនានា ក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញ។ ជំនួបលើកនេះ បានផ្តោតទៅលើប្រធានបទទាំងឡាយ ដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នាដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែង ក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណុចវិជ្ជមានមួយគឺ យើងបានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស។

សំណួរទី២៖ កាសែតថៃ The Nation បានលើកឡើងថា៖ បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ។ តើឯកឧត្តមបានឆ្លើយយ៉ាងណាចំពោះបញ្ហានេះ?

ចម្លើយ៖ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលប្រការនេះជាអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥។ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលយើងបានទៅចូលរួម។ ខ្ញុំបានជម្រាបឯកឧត្តម Sihasak ដោយត្រង់ថា កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់កម្ពុជា។ បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។

សំណួរទី៣៖ កាសែត The Nation របស់ថៃ ក៏បានលើកឡើងដែរថា ឯកឧត្តម Sihasak បានលើកអំពីការដែលប្រទេសថៃ នឹងលុបចោលនូវអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែន សមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ (MoU-2001)។ តើកម្ពុជាយើងមានប្រតិកម្មយ៉ាងដូចម្តេចដែរ?

ចម្លើយ៖ កន្លងទៅ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើកពាក់ព័ន្ធនឹងបញ្ហានេះ គឺ លើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា៖ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១នេះឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យ អនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។

សំណួរទី៤៖ តើការជួបនេះទទួលបានលទ្ធផលវិជ្ជមានអ្វីខ្លះដែរ?

ចម្លើយ៖ យើងបានឯកភាពគ្នាធ្វើការគិតគូរដល់ដំណើរទៅមុខ ដោយបន្តពិចារណាអំពីការកសាងផែនទីបង្ហាញផ្លូវមួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ក្នុងនោះមានការប្តេជ្ញាគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា និងការបន្តពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការដែលមានស្រាប់ ការរៀបចំនូវកញ្ចប់វិធានការដើម្បីកសាងទំនុកចិត្ត និងបញ្ហាផ្សេងៗទៀត។ យើងបានឯកភាពគ្នាឱ្យមានការជួប និងការពិភាក្សាគ្នាបន្តទៀត៕