អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន ការគោរពច្បាប់ និងលើកតម្កើងរបៀបធ្វើការក្នុងសង្គមនីតិរដ្ឋ
30-04-2026 17:21
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន គុណភាវិជ្ជាជីវៈ ការគោរពច្បាប់ និងលើកតម្កើងរបៀបធ្វើការក្នុងប្រព័ន្ធនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាព។
ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។
លោក ទេព អស្នារិទ្ធ បានស្នើយ៉ាងដូច្នេះថា៖ «ក្នុងបរិបទនេះខ្ញុំស្នើដល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះត្រូវចូលរួមលើកកម្ពស់សរីភាពដែលមានការទទួលខុសត្រូវ និងការគោរពច្បាប់ពោល គឺត្រូវលើកតម្កើងរបៀបធ្វើការក្នុងប្រព័ន្ធនីតិរដ្ឋសម្រាប់ជាមូលដ្ឋានគ្រឹះនៃសេរីភាព។ នៅក្នុងរបាយការណ៍អង្គការសង្គមស៉ីវិល ខ្ញុំសូមស្នើឱ្យធ្វើការរួមគ្នា គោលដៅយើង គឺជួយដល់អ្នកសារព័ត៌មាន លើកកម្ពស់សិទ្ធិសេរីភាពរបស់គាត់ ដោយអាចធ្វើការបានដោយសុវត្ថិភាព ផ្តល់ព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវតែធ្វើការជាមួយគ្នា គោលដៅរួមរបស់យើង គឺជួយដល់អ្នកសារព័ត៌មាន»។
ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏បានស្នើឱ្យសមាគម និងអ្នកពាក់ព័ន្ធរាល់ការតាមដានចងក្រងកត់ត្រាសកម្មភាពអនុវត្តក្នុងវិស័យព័ត៌មានពិសេសសកម្មភាពសារព័ត៌មានត្រូវធ្វើឡើងក្នុងស្មារតីស្ថាបនាបង្កើតតម្លៃបន្ថែមដើម្បីបំពេញឱ្យគ្នាដោយហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំជាមួយលទ្ធផលទាំងឡាយដែលកម្ពុជា សម្រេចបានក្នុងវិស័យព័ត៌មាន ដើម្បីជាស្នូលមួយរួមចំណែកក្នុងការដឹកនាំគ្រប់គ្រង និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ក្រសួងព័ត៌មានបាននឹងកំពុងធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរ នៅក្នុងគោលបំណងដើម្បីគាំពារ សម្រួលការលំបាក និងដោះស្រាយបញ្ហាប្រឈមនានាដែលអ្នកសារព័ត៌មានជួបប្រទះ នៅពេលបំពេញបេសកកម្មជាដើម។ ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់សន្តិសុខព័ត៌មានពង្រឹងគុណភាពសារព័ត៌មាន និងរង់ចាំការសហការពីគ្រប់តួអង្គទាំងអស់។
លោកក៏បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារអ្នកសារព័ត៌មានតាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុបបានអះអាងថា មិនដែលប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សាក្នុងការបំពេញការងារក្នុងឆ្នាំកន្លងទៅទេ ខណៈដែល៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរប្តឹងផ្តល់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនឡើយ។
បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ បាបន្តថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មានដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មានសរុប ១៤នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ករណី/បណ្តឹង មានពាក់ព័ន្ធ ៦៩នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ក្នុងនីតិវិធីតុលាការចំនួន ៧ករណី មានអ្នកពាក់ព័ន្ធចំនួន ១៥នាក់។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់ និងការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធក្នុងវិស័យព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បានជួយការពារអ្នកសារព័ត៌មានអាជីពពីការលួចបន្លំ ឬការវាយប្រហារដោយព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងសម័យកាលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពល។ តាមលទ្ធផលការស្ទង់មតិ ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ និងកសាងទំនុកចិត្តពីសាធារណជន។
ជាមួយគ្នានេះ ក្រសួងព័ត៌មាននៅតែបន្តប្តេជ្ញាលើកកម្ពស់សន្តិសុខព័ត៌មាន និងពង្រឹងគុណភាពវិជ្ជាជីវៈ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងស្មារតីស្ថាបនា ហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបាន ជាពិសេសការខិតខំរបស់ក្រសួងព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីជាមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មានក្នុងប្រព័ន្ធនីតិរដ្ឋ។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានពិភាក្សាលើការអនុវត្តច្បាប់ដែលមានស្រាប់ និងបទបញ្ញត្តិថ្មីៗ ដើម្បីពង្រឹងវិជ្ជាជីវៈ និងសុចរិតភាពព័ត៌មាន ដោយធានាការប្រតិបត្តិវិជ្ជាជីវៈត្រឹមត្រូវ គោរពច្បាប់ និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងសុវត្ថិភាពក្នុងកំឡុងពេលមានវិបត្តិ និងការពិភាក្សាអំពីក្រមសីលធម៌ និងតម្លាភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា (AI) ដើម្បីរក្សាទំនុកចិត្តពីសាធារណជន។
សន្និសីទនេះមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ពីវាគ្មិនកិត្តិយស តំណាងស្ថាប័នសំខាន់ៗ រួមមានក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន តំណាងអង្គការយូណេស្កូ (UNESCO), តំណាងស្ថានទូតបារាំង អូស្រ្តាលី អង់គ្លេស ម៉ាឡេស៊ី, អង្គការ NPA ប្រចាំកម្ពុជា, អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF), អង្គការសង្គមស៊ីវិល មកពី CamboJA, CCIM, CMPO អ្នកផលិតមាតិកា និងសិស្សនិស្សិតប្រមាណ ១៥០នាក់៕

















