គ.ជ.ប បង្ហាញលទ្ធផលនៃកិច្ចប្រជុំ លើវិធានការដោះស្រាយ ផលប៉ះពាល់ប្រជាពលរដ្ឋ និងទីតាំងភូមិសាស្ត្រ បន្ទាប់ពីការឈ្លានពាន លើបូរណភាពទឹកដីកម្ពុជា ពីយោធាថៃ
30-04-2026 17:21
(ភ្នំពេញ)៖ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ មានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ កំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ពិនិត្យ និងសម្រេចលើឯកសារ ចំនួន១៩ ប្រភេទ សេចក្តីណែនាំ សេចក្តីសម្រេច ទម្រង់របាយការណ៍ និងវិធានការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ និងទីតាំងភូមិសាស្ត្រ បន្ទាប់ពីការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីយោធាថៃ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាម របៀបវារៈម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយអង្គប្រជុំគ.ជ.ប បានសម្រេចដូចខាងក្រោម៖
១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
២៖ របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើឯកសារ ចំនួន ១៩ ប្រភេទ រួមមានដូចខាងក្រោម៖
* សៀវភៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ
* សៀវភៅច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ
* សៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
* សេចក្តីសម្រេចបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ទ.១០០៩)
* បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ
* បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ
* បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត
* បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ
* បណ្ណសម្គាល់ភ្ញៀវពិសេស
* ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)
* ពាក្យបណ្តឹង (ទ.១២០២)
* សម្រង់សេចក្ដីសម្រេច (ទ.១២០៣)
* លិខិតអញ្ជើញនៅក្រុមប្រឹក្សាឃុំ សង្កាត់
* កំណត់ហេតុសាកសួរនៅក្រុមប្រឹក្សាឃុំ សង្កាត់
* កំណត់ហេតុប្រជុំផ្សះផ្សានៅក្រុមប្រឹក្សាឃុំ សង្កាត់
* កំណត់ហេតុប្រជុំសម្រេចនៅក្រុមប្រឹក្សាឃុំ សង្កាត់
* ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើបណ្ដឹងតវ៉ា (ទ.១២០៣)
* ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ បដិសេធលើបណ្ដឹងតវ៉ា (ទ.១២០៣)
* ស្រោមសំបុត្រសម្រាប់ដាក់រាល់បណ្ដឹងតវ៉ាទៅនឹងការបដិសេធការសុំចុះឈ្មោះ (ទ.១២០២) ដែលត្រូវបានដាក់ប្តឹងនៅក្រោយពេលកំណត់។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើ៖
* លិខិតគោរពជូន អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
* សេចក្តីណែនាំស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
* ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥
* ទម្រង់របាយការណ៍ចំនួន ៤ (បួន) ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
* សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦។
៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសំណើរបស់អគ្គលេខាធិការដ្ឋាន
គ.ជ.ប ដែលសុំការសម្រេចជាគោលការណ៍លើវិធានការដោះស្រាយចំពោះផលប៉ះពាល់ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោយពីការ
ឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ ដែលផលប៉ះពាល់ទាំងនោះមានដូចខាងក្រោម៖
* ប៉ះពាល់ដល់អ្នកបោះឆ្នោតប្រមាណជាង ១០.០០០ នាក់ (មួយម៉ឺននាក់)
* ការិយាល័យបោះឆ្នោតសរុបចំនួន ២៨ ការិយាល័យ
* ភូមិសរុបចំនួន ១៨ ស្ថិតក្នុងភូមិសាស្រ្តឃុំ សង្កាត់សរុបចំនួន ១១ និងក្រុង ស្រុក ចំនួន ៦ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ចំពោះករណីនេះ អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពជាគោលការណ៍តាមសំណើរបស់អគ្គលេខាធិការដ្ឋាន ដែលតម្រូវឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តទាំងបីខាងលើ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតចល័ត និងរយៈពេលធ្វើការសមស្របនៅតាមភូមិក្នុងឃុំ សង្កាត់ជិតកន្លែងស្នាក់នៅ ឬជិតមណ្ឌលភៀសសឹក ដើម្បីបង្កការងាយស្រួលដល់ពួកគាត់បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៕





















