មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ
30-04-2026 17:28
(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមពីវេជ្ជបណ្ឌិតជំនាញឯកទេសជាច្រើនរូបផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscopy 4K Monitor, Olympus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។
លោកសាស្ត្រាចារ្យបានបន្តថា «រូបភាពវេជ្ជសាស្ត្រាគឺមានច្រើន ដែលសព្វថ្ងៃមន្ទីរពេទ្យបានដាក់ដំណើរចំនួន៣រួចមកហើយ និងដាក់បន្ថែម១ទៀត ដូច្នេះយើងមានចំនួន៤ ប៉ុន្តែម៉ាស៊ីនថ្ងៃនេះមានទំហំធំ រហូតដល់១៦០ slice ។ជាមួយគ្នានេះ ម៉ាស៊ីន MRI ក៏ដាក់ក្នុងកម្រិតខ្ពស់ដែរ»។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានសង្ឃឹមថា ក្រោយដាក់រូបភាពវេជ្ជសាស្ត្រទាំងពីរនេះ ដើម្បីឱ្យការស្វែងរករោគវិនិច្ឆ័យឱ្យកាន់តែសុក្រិតភាព និងប្រសិទ្ធភាព ។ ម៉ាស៊ីនទាំងពីរនេះ និងធ្វើឱ្យការស្វែងរករោគផ្នែកច្រមុះ មាត់ បំពង់ករ ការវះកាត់ខួរក្បាលកាន់តែមានកម្រិតខ្ពស់ ព្រោះផ្នែកទាំងអស់មានទំនាក់ទំនងជាមួយគ្នា។
ទន្ទឹមនឹងឧបករណ៍ទំនើប និងវេជ្ជបណ្ឌិតជំនាញនាពេលនេះ លោកសាស្ត្រាចារ្យ លូ លីឃាង ក៏នឹងបណ្តុះបណ្តាលវេជ្ជបណ្ឌិតបន្តបន្ទាប់ទៀត ដើម្បីឲ្យធនធានកាន់តែច្រើន ។កក្តានេះហើយ ដែលធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងខ្លាំង ដែលពី១០ឆ្នាំមុនមានអ្នកជំងឺ១៣០ ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះមានរហូតដល់ ៣០០០នាក់ ។
ជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា ម៉ាស៊ីនទាំង៣នេះ បង្ហាញឱ្យឃើញការអភិវឌ្ឍនៃវិស័យសុខាភិបាល ហើយម៉ាស៊ីននេះ ជួយឱ្យការសម្រេចចិត្ត របស់គ្រូពេទ្យបានរហ័សជាងមុន និងប្រសិទ្ធភាពជាងមុន ជាពិសេសម៉ាស៊ីនវះកាត់បាតខួរក្បាលជាម៉ាស៊ីនទំនើបមួយដែលចូលរួមព្យាបាលដោយគ្រូពេទ្យឯកទេស ផ្សេងៗគ្នាក្នុងការវះកាត់នៅដុំបាតលលាដ៍ខួរក្បាល ។ ការវះបែបនេះ គឺកាត់បន្ថយការហូរឈាម វះមុខរបួសតូច រយៈពេលនៃការជាសះស្បើយឆាប់ជាងមុខផងដែរ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យមានឯកទេសជំនាញខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺដូចជាអ្នកជំងឺភ្នែក ច្រមុះ បំពង់ក និងខួរក្បាល និងជំនាញផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីអ្នកជំងឺ ក្នុងការស្វែងរកសេវាព្យាបាលជំងឺរបស់ខ្លួន៕

























