ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ

30-04-2026 19:51

(តាកែវ)៖ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តតាកែវ រៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តតាកែវ ដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងនាមលោក វ៉ី សំណាង អភិបាលខេត្ត ក្នុងឱកាសនោះដែរ, លោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តតាកែវ បានថ្លែងអំណរគុណ និងណែនាំឲ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការសម្ភាពយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញបំផុស ឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ឆ្លើយតបទៅនឹងសូចនាករទាំងគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចបាននូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃ ក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពី បញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលជាបំណងប្រាថ្នារបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន បានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកពីតួនាទីរបស់តួអង្គនីមួយៗ សំដៅពង្រឹងបាននូវប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននៅសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋរបស់យើង ចៀសផុតបានពីផលវិបាកបញ្ហានានា ដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន៕