ប្រកាសតែងតាំងអភិបាលស្រុកបាទីថ្មី, អភិបាលខេត្តតាកែវ ណែនាំឱ្យប្រឹងប្រែងបំរើប្រជាពលរដ្ឋឱ្យបានល្អ
30-04-2026 19:57
(តាកែវ)៖ លោក សាយ វណ្ណះ អធិបាលរងស្រុកត្រាំកក់ត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្លាស់ប្ដូរភារកិច្ចឲ្យកាន់តំណែងជាអភិបាលស្រុកបាទីជំនួសលោក ភួន ឈឹម ដែលត្រូវប្លាស់ប្ដូរឱ្យទៅបំរើការជាអភិបាលស្រុកកោះអណ្ដែត។
ពិធីប្រកាសតែងតាំងអភិបាលស្រុកបាទីនេះ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានផ្ដាំផ្ញើដល់លោកអភិបាលស្រុកបាទី ដែលទើបតែងតាំងថ្មីព្រមទាំងម ន្រ្តី រាជការ កងកម្លាំង ប្រដាប់ អាវុធ និង កម្លាំង មានសមត្ថកិច្ច ត្រូវ រួម សហការ គ្នា អនុវត្ត ការងារ សំខាន់ ៗ ជា អាទិភាព មួយ ចំនួន ដើម្បីធ្វើយ៉ាងណាឱ្យស្រុកបាទី មានការអភិវឌ្ឍរីកចម្រើនឥតឈប់ជាពិសេសត្រូវ រួមគ្នា ថែរក្សា ការពារ សន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាព សសសង្គមឱ្យបានល្អប្រសើរ។
លោកអភិបាលខេត្តតាកែវ ក៏បានជំរុញឲ្យលោក សាយ វណ្ណះ អភិបាលស្រុកបាទី ដែលទើបតែងតាំងថ្មីត្រូវធ្វើយ៉ាងណាប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អនិងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ ជាពិសេសត្រូវធ្វើការទប់ស្កាត់ការជួញដូរឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឲ្យបានចំពោះក្រុមក្មេងទំនើងមិនត្រូវបណ្ដែតបណ្ដោយឲ្យពួកគេអុកឡុកនៅតាមមូលដ្ឋានដែលបង្ករការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះទេ៕
















