ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

01-05-2026 06:43

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាល​នា​ព្រឹក​ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៤០នៃទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់​កម្មករ​​និយោ​ជិត​ដែល​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង​រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ដូចឆ្នាំ​មុនៗ​ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរ ​ដើម្បី​បំផុស​​លើក​ទឹក​ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហ​គ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាព​ល​កម្មអន្ដរជាតិ ១ ឧសភា និង​កម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា​កាស​រីករាយ និងសាមគ្គីភាពរវាងកម្មករ​និយោ​ជិត និងនិយោជក​ក្រោម​ឈ្មោះ​សហគមន៍សុខសាន្ត។

ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា​កសាងភាពធន់ដើម្បី​ការ​ងារសមរម្យ»។

ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការ​យក​ចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដ៏មុតមាំ​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ​អភិវឌ្ឍទីផ្សារការងារ​ប្រកបដោយភាព​ធន់​ និង ចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការ​ធា​នាសិទ្ធិការងារ និងសេរីភាពអង្គការ​វិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការ​លើក​កម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើ​ឧត្តមប្រយោជន៍របស់កម្មករ និយោជិតទាំង​ក្នុង ​និងក្រៅប្រព័ន្ធ។

សម្រាប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅ​កំពង់​ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ បានក្លាយទៅជាប្រពៃណី​ទៅ​ហើយ។ ពិធីនេះ ត្រូវបានធ្វើឡើងតាំងពីពេលសម្តេចតេជោ ហ៊ុន សែន នៅជានាយក​រដ្ឋ​​មន្ត្រី​កម្ពុជាមកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន តែងតែយកថ្ងៃទី១ ខែឧសភា ចុះមកជួបសំណេះសំណាលជា​មួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅកំពង់ផែស្វយ័តព្រះសីហនុ ដែល​ស្តែងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតកំពង់​ផែ​​ស្វយ័ត​ក្រុងព្រះសីហនុ ដែលប្រតិបត្តិករដ៏សំខាន់ក្នុងការផ្តល់សេវានានានៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរ​ជាតិ​ដ៏សំខាន់មួយ​របស់​កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោ​ជិតដែលបម្រើការងារនៅកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជាប្រតិ​បត្តិ​ករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេល​នៅ​កាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត​លើ​សកម្ម​ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋ​កិច្ច និងការធ្វើ​ពាណិជ្ជ​​កម្មរបស់កម្ពុជា។

ប្រពៃណីនៃការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិត​នៅ​កំពង់ផែស្វយ័តព្រះសីហនុ ក៏បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ចាប់តាំង​ពី​ឆ្នាំ២០២៤មក គឺតែងតែអញ្ជើញចុះមកសំណេះសំណាល។ ឆ្នាំ២០២៦នេះ ជាលើក​ទី​៣​ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ជួបសំណេះ​សំណាល​ជា​មួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កម្មវិធីនាព្រឹកថ្ងៃនេះ ក្រៅពីសំណេះសំណាលហើយ ក៏បានភ្ជាប់ជាមួយពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ (១៩៩៦-២០២៦)។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ហើយធ្វើប្រតិ​បត្តិ​ការ​អាជីវកម្មនៅឆ្នាំ១៩៦០ តែត្រូវបានផ្អាកសកម្មភាពនៅ​អំឡុងសង្គ្រាម​ផ្ទៃក្នុងចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ ប្រតិបត្តិការអាជីវកម្មត្រូវបានបន្តដំណើការ​ឡើងវិញ​ក្រោយឆ្នាំ១៩៧៩ ដោយប្រតិបត្តិការអាជីវកម្មនៅពេលនោះផ្តើមចេញ​ពីទ្រង់​ទ្រាយតូច តាមរយៈការប្រើប្រាស់កម្លាំងកម្មករ សម្ភារបរិក្ខារ ធនធានមនុស្សផ្ទាល់ និង​មធ្យោបាយ​គ្រឿង​ចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញ កុងតឺន័រ និងបម្រើឱ្យការដឹក​ជញ្ជូន​​របស់​ខ្លួន។

ក្រោយមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន អភិវឌ្ឍសមត្ថភាព តាមរយៈការប្រែ​ក្លាយ​មធ្យោ​បាយដឹកជញ្ជូនពីទំនិញវេចខ្ចប់ ទៅជាទំនិញកុងតឺន័រ និងបានសាងសង់​ចំណត​ផែ​ផ្ទុក​កុងតឺន័របន្ថែមនៅក្នុងឆ្នាំ២០០២ និងការសាងសង់ពង្រីក ចំណតផែថ្មីៗជាបន្តបន្ទាប់​បន្ថែម​ទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេស​ជាតិ។

បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុប​ប្រមាណ ១,៦០០នាក់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកពាណិជ្ជកម្ម​អន្តរ​ជាតិដ៏សំខាន់របស់កម្ពុជា ហើយបរិមាណចេញចូលនាវា និងកុងតឺន័របានកើនជាង​៣០​ដងគិតចាប់ពីឆ្នាំ១៩៩៦។

នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័តក្រុង​ព្រះ​សី​ហនុ សម្រេចបានបរិមាណ​កុង​តឺន័រឆ្លងកាត់សរុបមានចំនួនជាង ១.៣៤លានTEUs កើនឡើង ៣០,៥៧% និង​ចំណូលអាជីវកម្មសរុបជាង ១៥៥,៣៦លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមានរហូតដល់ ២៦,១២លាន​តោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន
១២,៣២លានតោន កើនឡើង ២៥,៧៨%។

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើន​ឡើង​យ៉ាងគំហុកពោលគឺសម្រេចបានកំណើន៣៨% ធៀបទៅនឹងរយៈពេល​ដូចគ្នា​ឆ្នាំ​២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការដោះស្រាយបន្ទាន់ថ្មីៗ​បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុងពេល​ដែល​សមត្ថភាពផែនៅមានកម្រិតផងដែរ។ ការណ៍នេះ ពិតជាបានបង្ហាញឱ្យឃើញថា ក្រោយ​​ពីការបង្កើនសមត្ថភាពផែនៅក្នុងឆ្នាំ២០២៤ ឱ្យឡើងដល់ ១លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនលើសពី ១លានTEUs ក្នុងមួយឆ្នាំ និង​នៅក្នុងឆ្នាំ២០២៥ នៅពេលសមត្ថភាពផែបានបង្កើនឡើងដល់ ១,៣លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនដល់ជាង ១,៣៤លាន TEUs។

តាមរយៈកំណើននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមកាត់បន្ថយ​ថ្លៃដឹក​ជញ្ជូនសរុបតាមផ្លូវសមុទ្រដោយហេតុថា ចំណែកភាគច្រើននៃការដឹកជញ្ជូន ឬពាណិជ្ជ​កម្ម​អន្ដរជាតិជាង ៨០% ត្រូវបានដឹកជញ្ជូនតាមសមុទ្រដែលជាមធ្យោបាយដឹក​ជញ្ជូន​មា​នតម្លៃថោកជាងគេបើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។

បន្ថែមពីនេះ ដើម្បីរួមចំណែកគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការ​សាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិ​បត្តិ​ការ ​និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ការអភិវឌ្ឍទាំង៣ជំហាន​ បានប្រព្រឹត្តតាមដំណាក់កាលដូចខាងក្រោម៖

១៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក ១៤,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូល​ចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអា​ម៉េរិក/TEU។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែល​នឹងជួយ​បង្កើន​សមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។

២៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅ​ទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹង​ជួយ​បង្កើនសមត្ថភាពផដល់២ ០២០ ០០០ TEUs/ឆ្នាំ។

៣៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅ​ទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមក​កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុង​រៀបចំឯក​សារ​ដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោង​ដាក់​ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផៃដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ។

ទន្ទឹមគ្នានេះ កំពង់ផែក៏បានសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរនាវា ដែលជាជំនួយឥត​សំណង​​ពីរដ្ឋាភិបាល​ជប៉ុន ដែលបានផ្តល់ជូនកំពង់ផែនៅដើមឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៧ ដែលអាចគ្រប់គ្រងនាវាធ្វើនាវាចរ ក្នុងរង្វង់ ៦០ Miles ឬ ប្រមាណ ៩៧ គ.ម ព្រមទាំងសម្រួលចរាចរនាវា ធានាសុវត្ថិភាព និងជួយសង្គ្រោះនាវាដែលជួប​ឧបទ្ទវហេតុផ្សេងៗ៕