គ្រួសារជនមានពិការ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីសង្គមកិច្ច និងលោកជំទាវ

01-05-2026 09:01

(បាត់ដំបង)៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង (ស.អ.យខេត្តបាត់ដំបង) សាខាកាកបាទក្រហមខេត្ត និងសាខាមូលនិធិជនពិការខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះជួបគ្រួសារមានពិការភាព មានសមាជិកចំនួន ១៥នាក់ មានពិការភាពចំនួន ៦នាក់ ក្នុងនោះមានស្ដ្រីចំនួន ២រូប រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលករណីនេះត្រូវបានបណ្តាញសង្គម Facebook ផ្សព្វផ្សាយស្វែងរកសេវាគាំទ្រដល់គ្រួសារជនមានពិការភាពដែលកំពុងមានជីវភាពខ្វះខាត។

កន្លងមកគ្រួសាររបស់គាត់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការទទួលបានបណ្ណសមធម៌កម្រិត១ ដោយក្នុង១ខែទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ២៩០,០០០រៀល។ ជាមួយគ្នានេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនគ្រួសារគាត់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងអាជ្ញាធរក្នុងខេត្តបាត់ដំបង ក៏ធ្លាប់បានជួយផ្តល់ជាស្បៀងអាហារ និងថវិកាជូនគ្រួសារគាត់ជាហូរហែរផងដែរ។

ក្នុងឱកាសនេះដែរ ក្រុមការងារបានពាំនាំនូវអំណោយដ៏ថ្លៃថ្លា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ពិសេសបងប្អូនជនមានពិការភាពដែលជួបការលំបាកនានា និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង នឹងបន្តតាមដានស្ថានភាពគ្រួសារនេះទៅតាមនីតិវិធី ដើម្បីធានាថាពួកគេទទួលបានសេវាសង្គមកិច្ចសមស្រប និងបន្តជួយឧបត្ថម្ភជាស្បៀងអាហារដល់គ្រួសារគាត់៕