ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រខ្មែរ មានភាពប្រសើរជាបណ្ដើរៗ ក្រុមគ្រូពេទ្យព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង

01-05-2026 09:05

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានគង់ប្រថាប់ដើម្បី ពិនិត្យ និងថែទាំព្រះរាជសុខភាពក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ជាទីបំផុត ពីថ្នាក់ដឹកនាំ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

បច្ចុប្បន្ននេះយោងលើវេជ្ជបញ្ញារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្ដើរៗ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ និងសូមព្រះអង្គបន្តគង់ ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ-ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះបរមសុខក្សេមក្សាន្តជារៀងរហូតតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕