ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»

01-05-2026 09:10

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅសៀកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អ.ដ.ក. ព្រមជាមួយ ថ្នាក់ដឹកនាំ អ.ដ.ក., តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសាលាជម្រះក្តី, តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធនានា។

សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ ដោយបានធ្វើការចែករំលែកអំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ចំនួន៥រួមមាន៖ (១)- សមិទ្ធផលសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាន ; (២)- ការឆ្លុះបញ្ចាំងដោយភាគីទី៣ (Thid Party) អំពីដំណើរការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា, (៣)- ការចូលរួម របស់អង្គ ការដៃគូក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ, (៤)- បញ្ហាប្រឈម និងកាលានុវត្តភាពនៃការដោះស្រាយវិវាទ ក្រៅ ប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន និង (៥)- ការចូលរួមរបស់មេធាវីក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បន្ថែមលើប្រធានបទសំខាន់ទាំង ៥ខាងលើ។

សិក្ខាសាលាក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាលើប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវយន្តការ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ដោយកិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសដែលជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ទន្ទឹមគ្នានេះ ដើម្បីឱ្យការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អ.ដ.ក. ប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មួយចំនួន ដូចតទៅ៖

(ទី១.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបន្តការផ្សព្វផ្សាយអំពីបេសកកម្ម និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានឱ្យមានការយល់ដឹងអំពីបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏ត្រូវពង្រឹងនូវយន្តការ តាមដានអំពីការអនុវត្តការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដើម្បីជៀសវាងឱ្យបាននូវបញ្ហាអសកម្មណាមួយដែលអាចកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អ.ដ.ក.។

(ទី២.) មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ទាំងអស់ ត្រូវបន្តបំពេញមុខងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការដែល អ.ដ.ក. បានប្រគល់ឱ្យ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវប្រតិបត្តិឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

(ទី៣.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់កិច្ចដំណើរការល្អនៃការិយាល័យតំណាងដែលមានស្រាប់ និងគិតគូរអំពីការបង្កើតនូវការិយាល័យតំណាងបន្ថែមទៀត ដោយមានកិច្ចសហការពីស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាដើម្បីបង្ខិតសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការឱ្យទៅដល់មូលដ្ឋានកោកជិតនឹងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

(ទី៤.) សម្រាប់ រដ្ឋបាលរាជធានី-ខេត្ត និងយន្តការផ្សេងៗ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ អ.ដ.ក. រួចហើយ, សូមខិតខំលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រុះសម្រួលវិវាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍ និងបែបបទនៃការដោះស្រាយវិវាទ ដើម្បីឱ្យលទ្ធផលនៃការសម្រុះសម្រួលអាចត្រូវបានទទួលស្គាល់ដោយ អ.ដ.ក. និងអាចបញ្ចប់នូវវិវាទបានជាស្ថាពរ តាមរយៈការចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

(ទី៥.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវពិនិត្យឡើងវិញនូវក្របច័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាននៅក្នុងសមត្ថកិច្ចរបស់ អ.ដ.ក. និងត្រូវលើកសំណើសុំធ្វើវិសោធនកម្ម ឬកែសម្រួល ក្នុងករណីពិនិត្យឃើញថាបញ្ញត្តិណាមួយមិនមានភាពសមស្របទៅនឹងស្ថានភាពនៃការវិវត្តរបស់សង្គមជាក់ស្តែង។ មួយវិញទៀត អគ្គលេខាធិការដ្ឋានក៏ត្រូវជំរុញការរៀបចំគិតគូរអំពីសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាអំពីការបង្កើតឱ្យមានវិជ្ជាជីវៈសន្ធានការីនៅកម្ពុជាផងដែរ។ និង

(ទី៦.) គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសមេធាវី និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការដោះស្រាយវិវាទ ជួយរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្មជាដើម៕