លោកសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន ចែករំលែកបទពិសោធន៍វិជ្ជាជីវៈជិត៣០ឆ្នាំ និងបញ្ឆេះស្មារតីយុវជន Gen Z ឱ្យប្រើប្រាស់បញ្ញាក្នុងយុគសម័យ AI

01-05-2026 11:11

(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញនេះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានរៀបចំបទឧទ្ទេសនាមពិសេសមួយក្រោមប្រធានបទ «វិថីច្បាប់៖ មេរៀនសម្រាប់អ្នកច្បាប់ជំនាន់ក្រោយ ក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ និងសម័យកាលឌីជីថល» ក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និងជាសាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ Guangxi Minzu។

ក្នុងបទឧទ្ទេសនាមដែលមានរយៈពេល ៣ ម៉ោងពេញនេះ លោកសាស្ត្រាចារ្យបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏កម្រក្នុងអាជីពជាចៅក្រម និងព្រះរាជអាជ្ញារយៈពេល ២៧ ឆ្នាំ ដោយបានឆ្លងកាត់ការងារតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ការដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

ចំណុចដែលទាក់ទាញអារម្មណ៍បំផុតក្នុងកម្មវិធី គឺការដែល លោកសាស្ត្រាចារ្យ បានលើកយកនូវរឿងរ៉ាវអតីតកាលផ្ទាល់ខ្លួន កាលពីលោកជានិស្សិតអាយុ ១៦ ឆ្នាំនៅ RULE ដែលធ្លាប់មានស្មារតីតស៊ូ និងស្នេហាជាតិយ៉ាងខ្លាំងក្លា រហូតដល់ធ្លាប់ចូលរួមបាតុកម្មដោយសារការទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងកោះត្រល់។ ឯកឧត្តមបានប្រើប្រាស់មេរៀននេះ ដើម្បីដាស់តឿននិស្សិតជំនាន់ Gen Z ឱ្យចេះស្រាវជ្រាវ និងវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយក្នុងយុគសម័យ AI មុននឹងសម្រេចចិត្តជឿ ឬធ្វើសកម្មភាពអ្វីមួយ ដើម្បីចៀសវាងវិប្បដិសារីនៅថ្ងៃក្រោយ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកក៏បានបញ្ជាក់ថា លោកបានសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ និងបានបកស្រាយការពិតជូនសាធារណជនរួចហើយ តាមរយៈអត្ថបទទី៩ នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត។

នៅក្នុងបរិបទនៃយុគសម័យឌីជីថលឆ្នាំ ២០២៦ លោកបានរំលេចនូវវឌ្ឍនភាពនៃ «យុត្តិធម៌អេឡិចត្រូនិក» (e-Justice), e-Filing និងសវនាការគ្មានក្រដាស (Paperless Hearing) ដែលយើងគប្បីសិក្សា និងរៀបចំពីពេលនេះតទៅ។ លោកបានបញ្ជាក់ថា ទោះបីជា AI អាចដើរតួជាជំនួយការដ៏ល្អ (Virtual Assistant) ក៏ដោយ ប៉ុន្តែវាមិនអាចជំនួសនូវ «មនសិការ សីលធម៌ និងការវិនិច្ឆ័យរបស់មនុស្ស» បានឡើយ។

ជាចុងក្រោយ លោកបានផ្ញើសារដ៏មានអត្ថន័យថា៖ «ច្បាប់មិនមែនជានិមិត្តរូបនៃអំណាចទេ ប៉ុន្តែគឺជាកាតព្វកិច្ចនៃការបម្រើ»។ លោកបានជំរុញឱ្យនិស្សិតទាំងអស់កសាងសមត្ថភាព ភាសា និងបច្ចេកវិទ្យា រួមជាមួយការរក្សាសុក្រឹតភាព ដើម្បីក្លាយជាអ្នកបន្តវេនក្នុងវិស័យយុត្តិធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន៕