អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ

01-05-2026 12:18

(ភ្នំពេញ)៖ ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការយល់ដឹងច្បាស់ពីសិទ្ធិ ករណីយកិច្ច និងទំនួលខុសត្រូវ មានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ ដែលវាមិនមែនជាការដាក់សំពាធឡើយ។ កាលណាអ្នកសារព័ត៌មានមានវិជ្ជាជីវៈខ្ពស់ វានឹងក្លាយជាខែលការពារពួកគាត់ពីការប្ដឹងផ្ដល់ ឬការប្រឈមផ្សេងៗ។

ការលើកឡើងបែបនេះរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងក្នុងឱកាសសន្និសីទជាតិស្តីពីទិវាសេរីភាពសារព័ត៌មាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រៀបចំឡើងនៅរាជធានីភ្នំពេញ។

អនុរដ្ឋលេខាធិការបានថ្លែងថា តាមលទ្ធផលស្ទង់មតិទូទាំងប្រទេសឆ្នាំ២០២៦ ក្នុងចំណោមអ្នកធ្វើការក្នុងវិស័យព័ត៌មាន ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិដើម្បីការពារតម្លៃវិជ្ជាជីវៈ។ ក្នុងន័យនេះការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយគុណភាព ក្រមសីលធម៌ និងមានទំនួលខុសត្រូវ គឺជាគោលដៅរួម សម្រាប់សន្តិភាព និងការអភិវឌ្ឍ មិនមែនដើម្បីបង្កភាពអសណ្តាប់ធ្នាប់ អសន្តិសុខសង្គមឡើយ។ ហើយជាបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងក្នុងការអនុវត្តរបស់អង្គការយូណេស្កូ គេក៏បានផ្តោតសារៈសំខាន់នៃការកសាងទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈការលើកម្ពស់យន្តការក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈនេះដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាការបណ្តុះគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់គុណតម្លៃរបស់អ្នកសារព័ត៌មាន និងធានាបាននូវការអនុវត្តតួនាទីប្រកបដោយក្រមសីលធម៌ សមត្ថភាពបច្ចេកទេស និងការទទួលខុសត្រូវចំពោះសង្គមជាតិ ជាពិសេសគឺការពង្រឹងគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ស្របតាមប្រកាសលេខ២៩៤ របស់ក្រសួងព័ត៌មានស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន។

លោកបានបន្ថែមថា ក្នុងក្របខណ្ឌបណ្តុះបណ្តាល ក្រសួងព័ត៌មានមិនត្រឹមតែផ្ដោតលើការផ្តល់ជំនាញសារព័ត៌មាន បច្ចេកទេសឌីជីថល ចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធផ្សព្វផ្សាយមួយដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ បង្កើនជំនឿចិត្តសាធារណៈ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ព័ត៌មាន និងគុណភាពនៃការផ្សព្វផ្សាយក្នុងយុគសម័យទំនើប៕