ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចង់ឃើញមន្ត្រីសម្រុះសម្រួលម្នាក់ៗ នៃ អ.ដ.ក. ដោះស្រាយបានយ៉ាងតិច ១០សំណុំរឿង ក្នុងមួយឆ្នាំៗ

01-05-2026 12:19

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ( អ.ដ.ក.) បានបង្ហាញពីបំណងចង់ឃើញមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទម្នាក់ៗ នៃ អ.ដ.ក. ដោះស្រាយបញ្ហា បានយ៉ាងតិច ១០សំណុំរឿង ក្នុងមួយឆ្នាំៗ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ, អ.ដ.ក. បានចាត់ការសំណុំរឿងបានចំនួន សរុប ១ ៣៤០ ករណី ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុបចំនួន ២ ៩៤១ ករណី ដោយក្នុង នោះសំណុំរឿងចំនួន ៧៤៩ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ, សំណុំ រឿងចំនួន ១៥៣ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤៣៨ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿងចំនួន ១ ៦០១ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ជ.ក.។ នេះបើតាមលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងដែរថា សំណុំរឿងចំនួន ៧៤៩ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ នោះមានន័យថា មន្ត្រី អ.ដ.ក. ជួយសម្រួលការងារនៅក្នុងវិស័យតុលាការបានប្រមាណ ២៤ ០០០ករណី។ នេះក៏ព្រោះថា គ្រប់រឿងទាំងអស់ បើសិនជាដោះស្រាយតាមផ្លូវតុលាការ មានអ្នកចាញ់ និងអ្នកឈ្នះ ហើយអ្នកចាញ់ តែងតែបន្តប្តឹងសាលាឧទ្ធរណ៍ និងតុលាការកំពូល ទៀតផង ដោយមិនទាន់គិតការប្តឹងរក្សាការពារ និងបណ្តឹងមួយចំនួនទៀត។

យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្តល់ចំណេញទាំងពេលវេលា និងថវិកា ព្រមទាំងធានាបានភាពសុខុមរមនាផងដែរ។ ចាប់ពីឆ្នាំ២០២៦ អ.ដ.ក. មានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ប្រមាណ ១០០នាក់ ដើម្បីពន្លឿនការដោះស្រាយក្រៅប្រព័ន្ធតុលាការនូវសំណុំរឿង របស់ពលរដ្ឋ តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕