អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ «អគារធម្មវិមាន» និងបុណ្យវិសាខបូជា នៅវត្តមណីរតនារាម
01-05-2026 12:32
(ពោធិ៍សាត់)៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ «អគារធម្មវិមាន» ដ៏ធំស្កឹមស្កៃ និងពិធីបុណ្យវិសាខបូជា នៅវត្តមណីរតនារាម (មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់។
ពិធីនេះមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្ត ព្រះថេរានុថេរៈ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។
«អគារធម្មវិមាន» ដែលចាប់ផ្ដើមសាងសង់នាពេលនេះ មានទំហំទទឹង ៥១.៤៥ម៉ែត្រ គុណនឹងបណ្តោយ ៨៨.៩៥ម៉ែត្រ ដែលជាសំណង់ដ៏ប្រណីតសម្រាប់បម្រើដល់ការសិក្សាធម៌វិន័យ និងការប្រតិបត្តិវិបស្សនា។
ក្នុងឱកាសនោះ លោកស្រី ប៉ុក ណាឌី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោក ខូយ រីដា អភិបាលខេត្ត និងបានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វត្តមណីរតនារាម ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត ក៏ដូចជាលោកគ្រូ ឧបាសក សាន សុជា ដែលបានប្រែក្លាយទីតាំងនេះទៅជាមជ្ឈមណ្ឌលអប់រំផ្លូវចិត្តដ៏ល្បីល្បាញ។
លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ខូយ រីដា, ខេត្តពោធិ៍សាត់បាននិងកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ លោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា»។
លើសពីនេះ លោកស្រីបានរំលឹកពីវីរភាព និងទឹកចិត្តសប្បុរសធម៌របស់លោកអភិបាលខេត្ត ដែលកន្លងមកបានអន្តរាគមន៍យ៉ាងសកម្ម ក្នុងការជួយដល់វីរកងទ័ពជួរមុខ គ្រួសារកងទ័ព និងជនភៀសសឹក ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនេះស្ដែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ។
សូមបញ្ជាក់ថា វត្តមណីរតនារាម កើតឡើងតាំងពីឆ្នាំ២០០៦-២០០៧ ក្រោមការផ្ដួចផ្ដើមរបស់ព្រះភិក្ខុ សាន សុជា។ ចំពោះគម្រោងសាងសង់ «អគារធម្មវិមាន» នេះ ត្រូវបានប៉ាន់ស្មានតម្លៃកសាងចំនួន ៤៥០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។
អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ចូលរួមចាប់មគ្គផល និងបរិច្ចាគតាមសទ្ធាជ្រះថ្លា ដើម្បីបង្ហើយសមិទ្ធផលជាប្រវត្តិសាស្ត្រនេះតាមរយៈ៖
• ព្រះគ្រូចៅអធិការ៖ ០៩២ ៩៣២ ៨០២
• ក្រុមការងារ៖ ០១១ ៣២៣ ២៧៣
• ទំនាក់ទំនងប្រទេសអូស្ត្រាលី៖ +៦១ ៤៤៩ ១៣៣ ៣៣៨
• គណនីធនាគារ ABA៖ ឈិន ជីវ៉េង (Chhin Chiveng) | 002 369 850 ($៛)










































