រដ្ឋមន្ត្រី ជា វ៉ាន់ដេត ពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មី ឌីជីថល ARC Startup Accelerator

01-05-2026 14:39

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលជំនួបពិភាក្សាការងារ ជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានពិនិត្យនិងពិភាក្សាអំពី ១-វឌ្ឍនភាពគម្រោង ARC Startup Accelerator ២- កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ៣-បទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង ៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។

សូមជម្រាបជូនថា ក.ប.ទ. តែងតែចូលរួមគាំទ្រ និងស្វែងរកដៃគូរសហការជាតិ និងអន្តរជាតិនានា ដូចជា Plug and Play, សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ARC Startup Accelerator និង ACTSmart ដើម្បីពង្រឹងអក្ខរកម្មឌីជីថល កសាងធនធានមនុស្សឌីជីថល និងជំរុញធុរកិច្ចថ្មីឌីជីថលនៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពកាន់តែខ្លាំង ក្នុងការនាំចេញផលិតផលបច្ចេកវិទ្យាឌីជីថលទៅកាន់ពិភពលោក៕