មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឲ្យមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកែប តាមដាន វិភាគ និងឆ្លើយតបមតិសាធារណៈឲ្យបានទាន់ពេលវេលា និងពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្ការព័ត៌មានក្លែងក្លាយ
01-05-2026 14:45
(កំពត)៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប-កំពត បានលើកឡើង ពីសារសំខាន់ នៃការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយជំរុញឲ្យមន្ត្រី និងក្រុមការងារពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តកែប ត្រូវយកចិត្តទុកដាក់ តាមដាន វិភាគ និងឆ្លើយតបទៅនឹងមតិសាធារណៈ ឲ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្ការ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់សង្គមជាតិយើង។
មានប្រសាសន៍បែបនេះ ខណៈលោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរព័ត៌មានខេត្តកែប ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
លោក សោម កុសល ក៏បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះមន្ទីរព័ត៌មានខេត្តកែប ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលល្អ ក្នុងរយៈពេល ៣ខែ កន្លងមកនេះ។ ពិសេសក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសកម្មភាព និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត។
លោកបានណែនាំ និងជំរុញឲ្យមន្ទីរព័ត៌មានខេត្ត បន្តខិតខំបន្ថែមទៀត ក្នុងការបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន ឲ្យបានទូលំទូលាយដល់មហាជន ពិសេសតាមបណ្តាញឌីជីថល និងបណ្តាញសង្គម ដើម្បីធានាថាព័ត៌មានផ្លូវការ មានភាពឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។
ហើយមន្ទីរព័ត៌មាន ត្រូវបន្តពង្រឹងតួនាទី ជាសេនាធិការសំខាន់របស់រដ្ឋបាលខេត្ត ក្នុងការសម្របសម្រួល និងផ្សព្វផ្សាយគោលនយោបាយ សកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ជូនដល់ប្រជាពលរដ្ឋ ដោយអនុវត្តការងារប្រកប បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន។
លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឲ្យមន្រ្តី បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន និងបច្ចេកទេស ដោយផ្តោតលើការសរសេរព័ត៌មាន ឲ្យមានគុណភាព ការថតរូប និងវីដេអូ ឲ្យមានស្តង់ដារ ព្រមទាំងការប្រើប្រាស់ បច្ចេកវិទ្យាថ្មីៗ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឲ្យមានការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងមន្រ្តីទៅវិញទៅមក ដោយអនុវត្តតាមទ្រឹស្តី <"អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ" ដើម្បីធ្វើឲ្យសមត្ថភាពការងាររួមរបស់អង្គភាព កាន់តែរឹងមាំ និងល្អប្រសើរ។
ក្នុងនោះដែរ លោកអនុរដ្ឋលេខាធិការ ក៍បានផ្តល់អាវយឺត ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មាន សម្រាប់ចុះបំពេញការងារផងដែរ៕


























