រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យវិសាខបូជាទ្រង់ទ្រាយធំ និងរាប់បាត្រព្រះសង្ឃជាង១ពាន់អង្គ
01-05-2026 14:54
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃចំនួន១,០៦៨អង្គ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នាថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
ពិធីបុណ្យដ៏អធិកអធមនេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរិស័ទ យុវជន និងសិស្សានុសិស្សនិងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។
លោក សុខ លូ បានបញ្ជាក់ថា វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ លោកបាន សង្កត់ធ្ងន់ថា ថ្វីត្បិតតែប្រទេសកម្ពុជាបានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែប្រជាពលរដ្ឋមានសិទ្ធិជឿលើសាសនាអ្វីក៏បានដែរ ហើយកន្លងមកនៅកម្ពុជាមិនដែលមានអរិយភាពផ្នែកសាសនាឡើយ។
លោកអភិបាលខេត្ត ថ្លែងបន្ថែមថា ភាពសុខដុមនីយកម្មផ្នែកសាសនា ការីកចម្រើនក្នុងវិស័យអាណាចក្រ និងសាសនាចក្រនៅកម្ពុជា គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ ប្ដេជ្ញាគោរពតាមការណែនាំចង្អុលបង្ហាញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំរដ្ឋបាលខេត្តបាត់ដំបងឱ្យមានការរីកចម្រើន និងរួមគ្នាដើម្បីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង។
សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការ
គោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាន នៅទូទាំងពិភពលោកទៀតផង៕











































