ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ពីប្រតិបត្តិការស្វែងរកម៉ូតូជូនជនរងគ្រោះ ក្នុងអំពើរំលោភទំនុកចិត្ត, ពលរដ្ឋច្រើននាក់ រងគ្រោះដោយសារអំពើលួច និងប្លន់ តែម៉ូតូរកមិនដែលឃើញ

01-05-2026 15:16

(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញមកបំភ្លឺជូនសាធារណជន ពាក់ព័ន្ធករណី ពលរដ្ឋម្នាក់ដែលរងគ្រោះដោយសារគេខ្ចីម៉ូតូ រួចយកទៅលក់បញ្ចាំនៅក្រុងតាខ្មៅ ទទូចឲ្យស្នងការនគរបាលខេត្តកណ្តាល ជួយតាមស្វែងរកម៉ូតូឲ្យឃើញផង។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធបានស្រាវជ្រាវករណីខាងលើជាលទ្ធផលតាមចាប់ជនល្មើសដែលខ្ចីម៉ូតូរប​ស់ជនរងគ្រោះ យកទៅបញ្ចាំ ហើយហាងបញ្ចាំយកលក់បន្តទៀត។

សូមបបញ្ជាក់ថា ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) យកទៅបញ្ចាំនៅហាង «សេង ពិសិដ្ឋ ផន សប» កើតឡើងនៅថ្ងៃទី២៩ ខែមីនា ៩ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទី នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ អាត រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែកជនល្មើសឈ្មោះ ឈន សុធីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។

ជនល្មើសបានខ្ចីម៉ូតូ១គ្រឿងរបស់ជនរងគ្រោះម៉ាក Honda Dream C125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1AA-7546។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសុំខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះ អាត រតនៈ យកទៅលក់ឱ្យជនមិនស្គាល់អត្តសញ្ញាណ មានកាតគ្រីក្នុងម៉ូតូ លក់បានប្រាក់ ១,២៨០ដុល្លារ ប្រាកដមែន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ពាក់ព័ន្ធម៉ូតូជនរងគ្រោះឈ្មោះ ស៊ន់ ធា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលក់បន្តទៅឱ្យអ្នកផ្សេងបន្តទៀត។ ករណីនេះ កម្លាំងនគរបាលជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវស្វែងរកម៉ូតូជនរងគ្រោះទៅតាមនីតិវិធី។

យ៉ាងណាក៏ដោយជនរងគ្រោះ និងក្រុមគ្រួសារ នៅតែទទូចឲ្យលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន សហការគ្នាតាមស្រាវជ្រាវស្វែង រកម៉ូតូមួយគ្រឿងរបស់គាត់មកវិញឲ្យបាន ដើម្បីជាមធ្យោបាយធ្វើដំណើរទៅរៀន។

ជាការកត់សម្គាល់ មានករណីជាច្រើនដែលប្រជាពលរដ្ឋបាត់ម៉ូតូ ដោយសារចោរលួច និងប្លន់ តែម៉ូតូរបស់គាត់រកមិនដែលឃើញនោះទេ។ សម្រាប់ករណីនេះ បើកម្លាំងនគរបាលជំនាញសហការគ្នាឲ្យស្អិតរមួត បើកការស្រាវជ្រាវ និងប្រដេញពីជនម្នាក់ទៅជនម្នាក់ទៀត ដែលទទួលទិញម៉ូតូទាំងនេះច្បាស់ណាស់ថា នឹងរកឃើញម៉ូតូរបស់ជនរងគ្រោះមកវិញជាមិនខាន ខ្លាចតែនគរបាលមិនហ៊ានធ្វើ ឬមិនអាចធ្វើ។

សម្រាប់ករណីខាងលើនេះ ជនរងគ្រោះមានជំនឿថា ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នឹងបំបែកករណីនេះ ហើយតាមរកម៉ូតូរបស់ជនរងគ្រោះឲ្យឃើញ យកមកប្រគល់ជូនគាត់វិញ៕