រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍សៀមរាប

01-05-2026 15:16

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធិម សេរីវុឌ្ឍ ជាប្រធានមន្ទីរទេសចរណ៍សៀមរាប ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងប្រតិភូអមដំណើរ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំង អាជីវករ និងសហគមន៍ជាច្រើនរូប។

លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប។

រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងរលូន ខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច និងសម្រេចបានសមិទ្ធផលសំខាន់ៗ នាពេលកន្លងមក លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តការការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ជាពិសេស ការផ្តល់កិច្ចសហការ និងសម្របសម្រួលសព្វគ្រប់បែបយ៉ាង (ទាំងយប់ ទាំងថ្ងៃ) ចំពោះព្រឹត្តិការណ៍ និងរាល់កម្មវិធីនានារបស់ក្រសួងទេសចរណ៍, ទាំងអស់នេះ គឺពិតជាឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ភ្ញៀវទេសចរជាតិ និង អន្តរជាតិប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ហួត​ ហាក់ បានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប៖ ១៖ ចូលរួមអនុវត្ត និងជំរុញការផ្សព្វផ្សាយអំពីយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Visit Cambodia in Green Season Campaign) (ចាប់ពីខែឧសភា ដល់តុលា), ២៖ ចូលរួមអនុវត្ត និងផ្ដល់កិច្ចសហការជំរុញរៀបចំបដិសណ្ឋារកិច្ច បង្កើនភាពទាក់ទាញ ដាក់ចេញផែនការគាំទ្របន្ថែម ដល់ការទទួលស្វាគមន៍ភ្ញៀវទេសចរចិន ក្នុងអំឡុងពេលនៃការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនកាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, ៣៖ ជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ៤៖ ពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍, ៥៖ ការលើកកម្ពស់ទស្សនាអង្គរ និងក្រុងសៀមរាប នាពេលរាត្រី ដែលនឹងជាផលិតផលទេសចរណ៍ថ្មី និង៦៖ ពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍ខេត្តសៀមរាប ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងដោយរក្សាអត្តសញ្ញាណខេត្ត និងតំបន់៕