រដ្ឋមន្ត្រី ហួត ហាក់៖ ការធ្វើដំណើរតាមរថភ្លើង ផ្តល់បទពិសោធ បដិសណ្ឋារកិច្ចល្អ ស្នាមញញឹមកម្ពុជា ទេសភាពបៃតង និងបច្ចេកវិទ្យាជប៉ុន

01-05-2026 15:17

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ព្រមទាំងសហការី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីសក្តានុពលនៃការធ្វើដំណើរទេសចរណ៍តាមរថភ្លើងពីរាជធានីភ្នំពេញទៅខេត្តកំពត អមដំណើរដោយតំណាងក្រុមហ៊ុន Royal Railway Cambodia កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យលើទូររថភ្លើង និងអញ្ជើញធ្វើដំណើរតាមរថភ្លើងផ្ទាល់ ដោយបានកោតសរសើរ និងវាយតម្លៃចំពោះការរៀបចំដ៏ល្អរបស់ក្រុមហ៊ុន និងបទពិសោធថ្នាក់ទី១ នៃរថភ្លើង Kiha របស់ប្រទេសជប៉ុន ព្រមទាំងស្ថានីយរថភ្លើងភ្នំពេញជាសំណង់បេតិកភណ្ឌដែលបានសាងសង់តាំងពីសម័យអាណានិគមបារាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។

រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Railway ដែលបានផ្តល់កិច្ចសហការដ៏ល្អក្នុងដំណើរទស្សនកិច្ចសិក្សានេះ ព្រមទាំងការផ្តល់សេវាកម្មការដឹកជញ្ជូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកធ្វើដំណើរគ្រប់សញ្ជាតិរហូតមក។

រដ្ឋមន្រ្តី ហួត ហាក់ បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ សាកល្បងបទពិសោធធ្វើដំណើរដោយរថភ្លើង ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឱកាសគយគន់ទេសភាពបៃតងដ៏ស្រស់ត្រកាលប្រៀបដូចជាផ្ទាំងគំនូរពីឋានសួគ៌តាមផ្លូវ ជាពិសេសក្នុងរដូវកាលបៃតងនេះ។

គួរបញ្ជាក់ថា បណ្ដាញផ្លូវដែកនៅកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Royal Railway Cambodia មាន ២ ខ្សែសំខាន់ៗ រួមមានខ្សែផ្លូវដែកភាគជើង (ភ្នំពេញ–ប៉ោយប៉ែត) ឆ្លងកាត់ខេត្តពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងខ្សែផ្លូវដែកភាគត្បូង (ភ្នំពេញ–ព្រះសីហនុ) ឆ្លងកាត់ខេត្តតាកែវ និងកំពតដែលជាខ្សែសំខាន់សម្រាប់តភ្ជាប់រាជធានីភ្នំពេញទៅតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍សំខាន់ៗ ទៀត។

ជាមួយគ្នានេះ សេវារថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Cambodia បើកទទួលអ្នកដំណើរ ៣ ទៅ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅចុងសប្ដាហ៍ ដែលបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ ជាពិសេសតំបន់កំពង់ត្រាច និងតំបន់ឆ្នេរនិរតី ដែលមានទេសភាពភ្នំ៕