* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ឆ្លុះបញ្ចាំងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌នៅអង្គរ

01-05-2026 15:24

(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយ ព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ២,០០០​នាក់ នៅកន្លែងផ្ទាល់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាពេលនេះ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រីក ពង្រឹង ពូនជ្រំ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ​ ព្រមទាំងលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណដ៏មានតម្លៃរបស់កម្ពុជា ដូចជា គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ រួមជាមួយសិល្បៈក្បាច់គុនចិនដ៏ល្បីល្បាញ ដូចជា កុងហ្វូសៅលីង និងថាយជី ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសរវាងកីឡាករ និងគ្រូបង្វឹកនៃប្រទេសទាំងពីរ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិ និងការរួមចំណែកអភិរក្ស អភិវឌ្ឍ និងលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញសិល្បៈក្បាច់គុនជាមរតករស់របស់ប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យទេសចរណ៍ បានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយ ក្នុងការគាំទ្រដល់ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា និងចិនឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបន្តថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ និងកីឡា មិនត្រឹមតែជាការសម្តែងសិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់ដូចគ្នា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជា និងចិន ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រុមកីឡាករ សិល្បករ ព្រះសង្ឃសៅលីង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងចិន។

សូមបញ្ជាក់ផងដែរថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅព្រះរាជាណាចក្រកម្ពុជា៕