អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ រួមគ្នាផ្តល់ជាគំនិតល្អៗលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?»

01-05-2026 15:36

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានរួមគ្នាផ្តល់គំនិតល្អៗក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ស្របពេលស្ថានភាពបច្ចុប្បន្ននៃវិស័យសារព័ត៌មានទាំងនៅកម្ពុជា និងពិភពលោក កំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់សំខាន់បញ្ហាប្រឈម និងទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យា។

វេទិកានេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ស្ថិតនៅលើផ្លូវ OCIC ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, លោកណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អ្នកជំនាញលើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនរូបទៀត។

ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពនោះមិនគ្រាន់តែប៉ះពាល់ដល់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យធុរកិច្ចផងដែរ។ យោងតាមស្ថានភាពនោះ ក.អ.ក បានសម្រេចរៀបចំវេទិកាដូចប្រធានបទខាងលើដើម្បីផ្តល់ឱកាសដល់វាគ្មិន (ផ្នែកAI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកឡើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាននិងធុរកិច្ចជន និងការប្រើប្រាស់AI ដែលជាប្រយោជន៍ដល់សង្គម។ ក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់វិស័យសារព័ត៌មាន និងវិស័យធុរៈកិច្ចនៅកម្ពុជា៕