លោក សុខ លូ បានចាត់តំណាងចូលរួមរំលែកទុក្ខពលរដ្ឋដែលទទួលមរណភាព ដោយសារផ្ទុះមីនតោនបន្សល់ពីសម័យសង្គ្រាមនៅស្រុករតនមណ្ឌល

01-05-2026 16:46

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ឲ្យគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា រួមជាមួយអនុសាខាស្រុករតនមណ្ឌល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពពលរដ្ឋដែលជួបឧបទ្ទវហេតុផ្ទុះមីនតោន បន្សល់ទុកពីសម័យសង្គ្រាមអំឡុងពេលភ្ជួរដីចំការ នៅចំណុចច្រនាប់ទំពូង ភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

ក្នុងនោះ លោកក៏បាននាំយកគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋឈ្មោះ ហាន ប្រុស អាយុ២៦ឆ្នាំ ដែលពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោក ផេង សិទ្ធី បាននាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ចំពោះមរណភាពរបស់លោក ហាន ប្រុស គឺជាការបាត់បង់ កូន បងប្អូន ជាទីស្រលាញ់ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោក ហាន ប្រុស បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕