* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: សង្គ្រាមចំណាយប្រាក់ដ៏មហាសាលតែគ្មានលទ្ធផលច្បាស់លាស់៖ តើអាមេរិកអាចដកខ្លួនពីសង្គ្រាម ដែលមិនអាចឈ្នះលើអ៉ីរ៉ង់ដែរឬទេ? (Video inside)

01-05-2026 17:51

(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ កំពុងប្រើសង្គ្រាមប្រើប្រាស់លុយដ៏មហាសាល ដើម្បីកំចាត់អ៊ីរ៉ង់។ ក្នុងរយៈពេល៦០ថ្ងៃនេះ អាមេរិកចំណាយថវិកា២៥ពាន់លានដុល្លារ ដែលស្មើនឹងមួយថ្ងៃ ជាង៤១៦លានដុល្លារ។ តើសង្គ្រាមដ៏មហាសាលនេះមានលទ្ធផលអ្វីខ្លះ ហើយក្នុងរយៈពេល៦០ថ្ងៃរួចមកនេះ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ...

ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃ សហរដ្ឋអាមេរិក បានចំណាយប្រាក់យ៉ាងហោចណាស់ ២៥ពាន់លានដុល្លារស្មើនឹងជាង៤១៦លានដុល្លារក្នុងមួយថ្ងៃ ដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ ប៉ុន្តែទោះបីមានថវិកាយោធាដ៏ធំ និងអំណាចយោធាខ្លាំងបំផុតក្នុងពិភពលោកក៏ដោយការទទួលបាន «ជ័យជំនះពេញលេញ» លើអ៊ីរ៉ង់ នៅតែជាការលំបាកយ៉ាងខ្លាំងជាដដែល។

សង្គ្រាមអាមេរិក-អ៊ីរ៉ង់ កំពុងបង្ហាញពីភាពផ្ទុយមួយដ៏ច្បាស់លាស់ក្នុងសម័យសង្គ្រាមទំនើបនេះ ខណៈដែលសហរដ្ឋអាមេរិក មានថវិកាយោធាដ៏ធំនិងមហាសាល និងបច្ចេកវិទ្យាខ្ពស់ដល់កម្រិតលើសគេ ប៉ុន្តែអ៊ីរ៉ង់វិញ កំពុងប្រើយុទ្ធសាស្ត្រ «សង្គ្រាមអសមមាត្រ (Asymmetric Warfare)» ដើម្បីទប់ទល់ ដោយផ្តោតលើការវាយប្រហារដែលមានតម្លៃទាប ប៉ុន្តែអាចបង្កផលប៉ះពាល់ខ្ពស់លើសត្រូវ។

ក្នុងបរិបទនេះ អ៊ីរ៉ង់មិនចាំបាច់ប្រកួតដោយស្មើសមត្ថភាពយោធាជាមួយអាមេរិកទេ ប៉ុន្តែជ្រើសរើសយុទ្ធសាស្ត្រ ដែលអាចធ្វើឲ្យសង្គ្រាមក្លាយជាការប្រកួតអស់កម្លាំង (war of attrition) ដោយបង្ខំឲ្យសហរដ្ឋអាមេរិក ចំណាយធនធានកាន់តែច្រើន ខណៈដែលខ្លួនឯងវិញ ប្រើប្រាស់ធនធានតិចជាង ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរំខាន និងបំផ្លាញសមត្ថភាពសំខាន់ៗរបស់សត្រូវ។ នេះគឺជាការប្រកួតរវាង «ការចេះប្រើយុទ្ធសាស្ត្រ និងសមត្ថភាពទ្រាំទ្រការចំណាយ»។

*សង្គ្រាមថ្លៃបំផុត ប៉ុន្តែមិនមានជ័យជំនះច្បាស់លាស់

ការចំណាយ២៥ពាន់លានដុល្លារ ក្នុងរយៈពេល៦០ថ្ងៃ មានន័យថា សហរដ្ឋអាមេរិកត្រូវចំណាយថវិកាប្រមាណ ៤១៦ ដល់ ៤១៧លានដុល្លារក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក្តី សេចក្តីរាយការណ៍របស់ CNN បានបង្ហាញថា ការប៉ាន់ប្រមាណចំណាយពិតប្រាកដ អាចកើនឡើងដល់ប្រហែល ៤០ទៅ៥០ ពាន់លានដុល្លារ ដែលស្មើនឹងការចំណាយពីជាង ៦០០ដល់៨០០លានដុល្លារក្នុងមួយថ្ងៃ នៅពេលគិតបញ្ចូលថ្លៃជួសជុលមូលដ្ឋានយោធា និងការជំនួសឧបករណ៍សឹក ដែលបានបាត់បង់ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់។

ក្នុងពេលដែលលោក Donald Trump បន្តអះអាងអំពី «ជ័យជំនះ» របស់អាមេរិក ប៉ុន្តែលើសមរភូមិពិតប្រាកដវិញ អ៊ីរ៉ង់នៅតែបន្តវាយតប និងបង្កការខូចខាតដល់មូលដ្ឋានយោធា, កម្លាំងទាហាន និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះបង្ហាញថា សង្គ្រាមមិនទាន់មានទិសដៅច្បាស់លាស់ទៅរកជ័យជំនះនៅឡើយទេ ប៉ុន្តែកំពុងបន្តក្នុងលក្ខណៈ «សង្គ្រាមអស់កម្លាំង» ដែលទាមទារការចំណាយខ្ពស់ជាបន្តទៅមុខថែមទៀត។

ក្នុងបរិបទនេះ ទោះបីសហរដ្ឋអាមេរិកចំណាយថវិកាយ៉ាងច្រើនក៏ដោយ ការប្រកាសជ័យជំនះដោយរដ្ឋបាលរបស់ Donald Trump នៅតែបង្កើតសំណួរ និងភាពសង្ស័យក្នុងចំណោមអ្នកវិភាគអន្តរជាតិ។ ជាពិសេស ការរិះគន់ពីសម្ព័ន្ធមិត្តអឺរ៉ុប ក៏កំពុងកើនឡើងផងដែរ។ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានថ្លែងថា សហរដ្ឋអាមេរិក កំពុងត្រូវបានក្រុងតេហេរ៉ង់ធ្វើឱ្យ «អាម៉ាស់» និងបានរិះគន់ទៀតថា រដ្ឋបាលត្រាំ មិនមានយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីបញ្ចប់សង្គ្រាមនេះឡើយ។ សម្តីនេះបានបង្កការខឹងសម្បារពីលោក Trump ហើយបន្ថែមភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ថែមទៀត។

*អ៊ីរ៉ង់បង្ហាញសមត្ថភាពសង្គ្រាមអសមមាត្រ Asymmetric Warfare

សេចក្តីរាយការណ៍របស់ CNN បានបង្ហាញថា ក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងដំបូង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើក្រុងតេហេរ៉ង់, កងទ័ពអ៊ីរ៉ង់បានធ្វើការសងសឹកយ៉ាងលឿន និងមានប្រសិទ្ធភាព ដោយវាយប្រហារបំផ្លាញយ៉ាងហោចណាស់ លើ៩ មូលដ្ឋានយោធារបស់អាមេរិក នៅតាមតំបន់ឈូងសមុទ្រ រួមមាននៅប្រទេសបារ៉ែន Bahrain, គុយវ៉េត Kuwait, អ៊ីរ៉ាក់ Iraq, អារ៉ាប់ អេមីរ៉ាត UAE និង ប្រទេសកាតា Qatar។ ការវាយប្រហារទាំងនេះ មិនត្រឹមតែបង្កការខូចខាតលើមូលដ្ឋានយោធាទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធសំខាន់ៗដែលជាគន្លឹះនៃសមត្ថភាពការពារអាកាសរបស់អាមេរិកផងដែរ រួមមានប្រព័ន្ធរ៉ាដាមីស៊ីល THAAD (Terminal High Altitude Area Defense) និងយន្តហោះស៊ើបការណ៍អាកាសប្រភេទ E-3 Sentry (AWACS) ដែលត្រូវបានបំផ្លាញ នៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសអារ៉ាប់សាអ៊ូឌីត។

ក្នុងន័យយុទ្ធសាស្ត្រ ការវាយប្រហារទាំងនេះបង្ហាញថា អ៊ីរ៉ង់កំពុងអនុវត្តយុទ្ធសាស្ត្រ «សង្គ្រាមអសមមាត្រ» ដោយជ្រើសរើសគោលដៅដែលមានតម្លៃខ្ពស់ដើម្បីបង្កការខូចខាតធំបំផុត ខណៈប្រើយុទ្ធសាស្ត្រចំណាយទាបជាងសត្រូវ។ វាជាវិធីសាស្ត្រ ដែលមិនផ្អែកលើការប្រកួតអំណាចត្រង់ៗដាក់គ្នាទេ ប៉ុន្តែផ្អែកលើការរំខាន ការបំបាក់ប្រព័ន្ធ និងការធ្វើឲ្យសត្រូវបាត់បង់សមត្ថភាពយុទ្ធសាស្ត្រយ៉ាងបន្តបន្ទាប់។

ក្នុងបរិបទនេះ អ៊ីរ៉ង់មិនចាំបាច់ឈ្នះសង្គ្រាមដោយផ្ទាល់ឡើយ ប៉ុន្តែគ្រាន់តែធ្វើឲ្យសង្គ្រាមក្លាយជា «សង្គ្រាមអស់កម្លាំង» ដែលបង្ខំឲ្យសហរដ្ឋអាមេរិកចំណាយថវិកាកាន់តែច្រើន និងអូសបន្លាយសង្គ្រាមកាន់តែយូរ។ ដូច្នេះសម្រាប់អ៊ីរ៉ង់ អ្នកឈ្នះ មិនមែនជាអ្នកខ្លាំងជាងទេ ប៉ុន្តែជាអ្នកដែលអាចធ្វើឲ្យសត្រូវ «ចំណាយខ្ពស់ និងខ្សោយ» បានយូរជាង។

* វិបត្តិសម្ព័ន្ធមិត្ត និងភាពឯកោ

ការចំណាយថវិកាដ៏មហាសាលរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនេះ មិនត្រឹមតែមិនអាចនាំឲ្យមានជ័យជំនះពេញលេញលើអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យកើតមានវិបត្តិទំនុកចិត្តជាមួយសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ។ នេះបង្ហាញថា តម្លៃនៃសង្គ្រាម មិនមានត្រឹមតែថវិកា ឬសមរភូមិទេ ប៉ុន្តែរួមបញ្ចូលទាំង «ថ្លៃនយោបាយ» និង «ថ្លៃទំនាក់ទំនងអន្តរជាតិ» ផងដែរ។ បន្ទាប់ពីអធិបការបតីអាល្លឺម៉ង់ លោក Friedrich Merz បានរិះគន់ថា «អាមេរិក ត្រូវបានអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់ក្នុងសង្គ្រាមនោះមក» លោកត្រាំ បានឆ្លើយតបវិញ ដោយការគំរាមដកកងទ័ពអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ និងពង្រីកការដកនេះទៅដល់ប្រទេសអ៊ីតាលី និងអេស្ប៉ាញថែមទៀត។

លោកត្រាំបានសរសេរលើបណ្តាញសង្គម Truth Social ថា «សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយកងទ័ព ដែលអាចធ្វើទៅបាននៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការប្តេជ្ញាចិត្តដែលត្រូវធ្វើក្នុងរយៈពេលខ្លីខាងមុខ»។

មិនត្រឹមតែប៉ុណ្ណោះ Donald Trump ក៏បានរិះគន់ប្រទេសអ៊ីតាលីថា «មិនបានជួយអ្វីទេ» និងលោកបានសម្ដែងការមិនពេញចិត្តចំពោះប្រទេសអេស្ប៉ាញយ៉ាងខ្លាំងផងដែរ។ សម្តី និងជំហរនយោបាយបែបនេះ បានធ្វើឲ្យភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-អឺរ៉ុប កាន់តែធ្ងន់ធ្ងរ។ លោកស្រីម៉ារី អែកនីស ស្ត្រែក ហ្សីមមើម៉ាន់ Marie-Agnes Strack-Zimmermann ដែលជាសមាជិកសភាអឺរ៉ុបពីប្រទេសអាល្លឺម៉ង់ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា ប្រជាជនអាល្លឺម៉ង់បានបាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិក ក្នុងការជួយរក្សាសុវត្ថិភាព។ លោកស្រីបានសង្កត់ធ្ងន់ថា ទំនុកចិត្តអាល្លឺម៉ង់ចំពោះសេតវិមាន មិនដូចគ្នាក្រោមការដឹកនាំរបស់លោក ចូ បៃដិន, លោកអូបាម៉ា ឬលោក ប៊ីល គ្លីនតុន នោះទេ។

ក្នុងបរិបទនេះ សង្គ្រាមដែលមានចំណាយខ្ពស់នេះ មិនត្រឹមតែមិនអាចធានាជ័យជំនះលើអ៊ីរ៉ង់បានទេ។ វាថែមទាំងបង្កការបែកបាក់ក្នុងសម្ព័ន្ធមិត្ត ដែលជាគ្រឹះសំខាន់នៃអំណាចអាមេរិកនៅលើឆាកអន្តរជាតិផងដែរ។

* ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក

សង្គ្រាមដែលប្រើប្រាស់ថវិកាមហាសាលនេះដែរ មិនត្រឹមតែបង្កការខូចខាតលើសមរភូមិប៉ុណ្ណោះទេ។ វាថែមទាំងកំពុងរុញពិភពលោក ឲ្យចូលទៅកាន់វិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។ អ្វីទាំងនេះបង្ហាញថា ផលប៉ះពាល់នៃសង្គ្រាមទំនើប មិនមានព្រំដែនកំណត់ដូចសង្គ្រាមបុរាណទៀតឡើយ។ យុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោននៅពេលនេះ មិនផ្អែកលើការបញ្ជូនកម្លាំងយោធាចូលក្នុងទឹកដីអ៊ីរ៉ង់ដោយផ្ទាល់ទេ ប៉ុន្តែផ្អែកលើការបង្កើនសម្ពាធតាមផ្លូវសេដ្ឋកិច្ច ដោយរួមមានការបិទច្រកកំពង់ផែ និងការកាត់បន្ថយសមត្ថភាពនាំចេញប្រេង។ គោលបំណងគឺបង្ខំឲ្យអ៊ីរ៉ង់អស់កម្លាំងតាមរយៈសម្ពាធសេដ្ឋកិច្ច ជំនួសឲ្យការប្រើកម្លាំងយោធាពេញទំហឹងលើសមរភូមិ។

ទោះយ៉ាងណា សង្គ្រាមបែបនេះមានលក្ខណៈពិសេសមួយដែលគ្រោះថ្នាក់ជាងសង្គ្រាមបុរាណ គឺវាមិនអាចគ្រប់គ្រងព្រំដែននៃផលប៉ះពាល់បានឡើយ។ ខណៈសម្ពាធត្រូវបានដាក់លើអ៊ីរ៉ង់ ផលវិបាកវិញកំពុងរីករាលដាលឆ្លងកាត់ទីផ្សារថាមពល និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក បង្កើតស្ថានភាពមួយដែលអ្នករងផលប៉ះពាល់ មិនមែនជាគោលដៅដើមនៃយុទ្ធសាស្ត្រនេះឡើយ។

ការកើនឡើងនៃតម្លៃប្រេង និងទំនិញសំខាន់ៗ កំពុងបង្កសម្ពាធអតិផរណាលើសេដ្ឋកិច្ចជាច្រើនប្រទេស។ ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank បានព្យាករណ៍កាត់បន្ថយកំណើនសេដ្ឋកិច្ចតំបន់អាស៊ីពី ៥.១% មកត្រឹម ៤.៧% ខណៈការព្យាករណ៍អតិផរណា ត្រូវបានបង្កើនពី ៣.៦% ទៅ ៥.២% ដែលបង្ហាញពីសញ្ញាថា សម្ពាធសេដ្ឋកិច្ចកំពុងកើនឡើងយ៉ាងច្បាស់។ ក្នុងបរិបទដែលថាមពលឡើងថ្លៃ និងអតិផរណាកើនឡើងនេះ សង្គ្រាមអាមេរិក-អ៊ីរ៉ង់ កំពុងបម្លែងខ្លួនពីជម្លោះតំបន់ ទៅជាវិបត្តិសេដ្ឋកិច្ចសកល។ វាជាសង្គ្រាមដែលមិនត្រឹមតែប៉ះពាល់ដល់ភាគីជម្លោះទេ ប៉ុន្តែថែមទាំងបង្ខំឲ្យពិភពលោកទាំងមូលក្លាយជាអ្នករងផលប៉ះពាល់ផងដែរ។

ជាការពិតណាស់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា ការចំណាយធំ មិនមានន័យថាជាជ័យជំនះឡើយ។ ក្នុងពេលដែលសហរដ្ឋអាមេរិកចំណាយជាង ៤១៦លានដុល្លារក្នុងមួយថ្ងៃ, ចំណែកអ៊ីរ៉ង់វិញ កំពុងប្រើយុទ្ធសាស្ត្រ ដែលមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឲ្យសង្គ្រាមនេះក្លាយជា «សង្គ្រាមអស់កម្លាំង» សម្រាប់រដ្ឋាភិបាលវ៉ាស៊ីនតោន។ នៅចុងក្រោយនេះ សំណួរមិនមែនថាតើ អាមេរិកអាចឈ្នះ ឬមិនឈ្នះនោះទេ?។ សំណួរ ដែលគួរសួរនោះគឺ តើសហរដ្ឋអាមេរិក អាចទ្រាំទ្រការចំណាយសង្គ្រាមដ៏មហាសាលនេះ បានយូរប៉ុណ្ណា?

សង្គ្រាមនេះដូចជាការ «លេបដំឡូងក្តៅ» ដែលមិនអាចខ្ជាក់ចោលបាន ប៉ុន្តែក៏មិនអាចទ្រាំទ្របានយូរឡើយ៕