ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទនៅស្រុកសំបូរ ប្រារព្ធពិធីបុណ្យវិសាខបូជា

01-05-2026 18:37

(ក្រចេះ)៖ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រារព្ធពិធីបុណ្យវិសាចបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍មហាមង្គលទាំងបី​របស់​ព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ ដោយមានការរៀបចំពិធីដង្ហែព្រះពុទ្ធរូបតាមដងវិថីនៅក្នុងស្រុកផងដែរ។

ពិធីបុណ្យវិសាខបូជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុក​សំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំសសរ១០០ ព្រមទាំងមានការ​អញ្ជើញចូលរួមពីសំណាក់លោក គង់ មេត្តា អភិបាលស្រុកសំបូរ ព្រមទាំងសហការី និងការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​ទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទប្រមាណចំនួន ១០៨០​អង្គ/នាក់។

បុណ្យវិសាខបូជា គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកជន​ទូទាំង​ពិភព​លោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ខែពិសាខ ដើម្បីរំលឹកដល់​ព្រឹត្តិការណ៍មហាមង្គលទាំងបីរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និង​ថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងនៅថ្ងៃតែមួយ​ខុសគ្នាតែឆ្នាំ​ប៉ុណ្ណោះ។

អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃវិសាខបូជានេះជា ទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពីការរួមចំណែក​របស់​ព្រះពុទ្ធ​សាសនាក្នុងការលើកស្ទួយចិត្តវិញ្ញាណមនុស្សជាតិ។ ពុទ្ធសាសនិកជនតែងតែ​ប្រារព្ធពិធី​នេះដោយការធ្វើសក្ការបូជា និងប្រតិបត្តិព្រះធម៌ ដើម្បីយកមកអនុវត្តក្នុងជីវិត​ប្រចាំថ្ងៃ តាមរយៈការរំលឹកដល់អត្ថន័យនៃថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់​ព្រះអង្គ៕