អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យ១៥គ្រួសារ នៅសង្កាត់ច្បារអំពៅទី២

01-05-2026 19:44

(ភ្នំពេញ)៖ លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយអនុសាខាកាកបាទក្រហមខណ្ឌ ជូនដល់គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ ឆាបឆេះលំនៅដ្ឋាន ចំនួន ១៥គ្រួសារ កាលពីល្ងាចម្សិលមិញ ស្ថិតនៅភូមិកណ្ដាល និងភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សម្ភារៈ និងថវិកាមួយចំនួន។

លោក ញាណ ចាន់សោភា ក្នុងឱកាសចែកអំណោយបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានី ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះ របស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គិភ័យកើតឡើងភ្លាមៗផងដែរ។

ជាមួយគ្នានោះ លោក ញាណ ចាន់សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ រឺចៅសង្កាត់ ដើម្បីបានជួយសង្គ្រោះបន្ថែមទៀត។

លោកប្រធានអនុសាខាសាខាកាកបាទក្រហម កម្ពុជាខណ្ឌច្បារអំពៅ ក៏បានណែនាំអោយលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ។

ក្នុងនោះដែរ លោកអភិបាលរងខណ្ឌច្បារអំពៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែលងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា។

ទន្ទឹមនឹងបានទទួលអំណោយនេះផងដែរ អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់៕